(វ៉ាស៊ីនតោន)៖ ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់លោក ក្នុងរដ្ឋអាឡាបាម៉ា (Alabama) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោក គីម ជុងអ៊ុន គួរតែត្រូវបានចាត់ការតាំងតែពីយូរណាស់ហើយ សម្រាប់សកម្មភាពនៃអាវុធនុយក្លេអ៊ែរ របស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
នាឱកាសនោះ លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចឲ្យមនុស្សឡប់សតិ ធ្វើការបាញ់មីស៊ីលដោយសេរីតាមចិត្ត ពាសវាលពាសកាលអ៊ីចឹងឡើយ។ បុរសរ៉ុក្កែត គីម ជុងអ៊ុន គួរតែត្រូវបានចាត់ការឲ្យដាច់ស្រេចរួចរាល់ តាំងតែពីយូរណាស់មកហើយ មិនគួរបណ្តោយឲ្យអូសបន្លាយមកទល់ពេលនេះនោះទេ»។
បន្ថែមពីនេះ កាលពីថ្ងៃទី១៩ ខែកញ្ញាថ្មីៗនេះ ក្នុងអំឡុងការថ្លែងសុន្ទរកថានៅចំពោះមុខមហាសន្និបាត UN លោក ត្រាំ បានអះអាងធ្ងន់ៗថា ខណៈសហរដ្ឋអាមេរិកមានកម្លាំងនិងភាពអត់ធ្មត់ខ្លាំង តែប្រសិនបើត្រូវបង្ខំឲ្យការពារខ្លួនឯង ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន មហាអំណាចពិភពលោកមួយនេះ នឹងពុំមានជម្រើសអ្វីក្រៅពីកម្ទេចប្រទេសកូរ៉េខាងជើង ចោលទាំងស្រុងដែលមានចំនួនប្រជាជនប្រមាណ២៥លាននាក់នោះឡើយ។ ម៉្យាងវិញទៀត លោក ត្រាំ ថែមទាំងបានហៅ ប្រមុខដឹកនាំ កំពូលផុតលេខកូរ៉េខាងជើងថាជាបុរសរ៉ុក្កែត ដែលកំពុងដើរលើផ្លូវសម្លាប់ខ្លួនឯង និងរបបដឹកនាំរបស់ខ្លួនទៀតផង។
ដោយឡែកជាការឆ្លើយតប លោក គីម ជុងអ៊ុន បានចំអកទៅវិញថា រូបលោកប្រាកដជានឹងបង្រ្កាបបុរសចាស់ទ្រុឌទ្រោមអាមេរិក ដែលប្រសៃប្រសាទនេះ ជាមួយភ្លើងកម្តៅដ៏ខ្លាំងក្លា ហើយហៅមេដឹកនាំអាមេរិករូបនេះ ថាជាឆ្កែកំសាកបានតែព្រុសប៉ុណ្ណោះ៕