(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននឹងកំពុងគ្រោងរៀបចំចាត់ប្រទេសបន្ថែមទៀត ចូលទៅក្នុងបញ្ជីនៃជនអន្តោប្រវេសន៍ មកពីប្រជាជាតិមូស្លីមមួយចំនួន ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរ មកកាន់សហរដ្ឋអាមេរិក ស្របពេលដែលសេតវិមាន ត្រៀមនឹងធ្វើការកែប្រែ ឬមួយក៏ជំនួស បំរាមធ្វើដំណើរដ៏ចម្រូងចម្រាសនេះ មុនពេលផុតសុពលភាព។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal ដកស្រង់ដោយសារព័ត៌មាន USA Today នៅយប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
គម្រោងនៃការកែសម្រួលឬផ្លាស់ប្តូរនេះ បានស្ថិតក្រោមការពិចារណាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ ដើម្បីត្រៀមលក្ខណៈសម្រាប់ថ្ងៃផុតសុពលភាព នៃបំរាមធ្វើដំណើររយៈពេល៩០ថ្ងៃ ចំពោះបណ្តាប្រទេសចំនួន០៦ នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងត្បូង រួមមាន អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន ពោលគឺនៅថ្ងៃអាទិត្យសប្តាហ៍នេះ។
គួរបញ្ជាក់ថា បំរាមហាមឃាត់ការធ្វើដំណើរខាងលើ ត្រូវបានកែសម្រួលម្តងរួចមកហើយ បន្ទាប់ពីបំរាមដំបូងបំផុត ត្រូវបានតុលាការអាមេរិករារាំង ហើយក្រោយមកបំរាមជំនាន់ទី០២នេះ ក៏បានចូលជាធរមានកាលពីខែមិថុនាកន្លងទៅ៕