(ដាម៉ាស់)៖ គ្រាប់រ៉ុក្កែតពីរគ្រាប់ បានធ្លាក់ក្បែរអាកាសយានដ្ឋានទីក្រុងដាម៉ាស់ (Damascus) ប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះ ខណៈកងកម្លាំងស៊ីរីអះអាងថា វាជាស្នាដៃរបស់យោធាអ៊ីស្រាអែល ដែលលើកឡើងថា បានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកមួយគ្រឿងរបស់អ៊ីស្រាអែល ជាការឆ្លើយតប។ នេះបើតាមសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ សារព័ត៌មាន Al-Masdarnews ក៏បានរាយការណ៍ដែរថា ការវាយប្រហារនេះ បានបង្កជាសំឡេងផ្ទុះយ៉ាងខ្លាំង តែមិនបានបណ្ដាលឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ហើយ ព្រមពេលជាមួយគ្នាកងកម្លាំងស៊ីរី បានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ឬដ្រូន UAV មួយគ្រឿងរបស់អ៊ីស្រាអែល នៅតាមបណ្ដោយព្រំដែនរវាងទីក្រុងដាម៉ាស់ និង ខេត្តគូណៃត្រា (Quneitra)។ ក៏ប៉ុន្តែយោធាអ៊ីស្រាអែល មិនទាន់បានធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះ អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានបើកការវាយប្រហារតាមផ្លូវអាកាស លើក្បួនរថយន្ដរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុម ឧទ្ទាមហេសប៊ូលឡាជិត ១០០ដង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters៕