(ញូយ៉ក)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមសន្តិសុខឯកជនរបស់ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) និងអ្នកគាំទ្រមួយចំនួនរបស់លោកបានវាយដំបាតុករ ដែលបានបង្កការរំខានមួយក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងញូយ៉ក ខណៈពេលដែល លោក Erdogan កំពុងថ្លែងសុន្ទរកថា។ ក្រុមអ្នកតវ៉ាខ្លះបានបិទបដាដែលរៀបចំដោយគណៈកម្មាធិការដឹកនាំ របស់ជនជាតិតួកគីដែលនៅអាមេរិច (TASC) នៅឯសណ្ឋាគារ ម៉ារីយ៉ូត ម៉ាឃ្វីស (Marriott Marquis) នៅញូយ៉ក ខណៈពេលដែលលោកប្រធានាធិបតី Erdogan កំពុងនិយាយទៅកាន់ក្រុមមនុស្សម្នាយ៉ាងកកកុញ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន តួកគី Minute នាល្ងាចថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ការរំខាននោះ បានផ្ទុះឡើងនៅសាលប្រជុំ ដោយក្រុមអ្នកតវ៉ាបន្ទាប់មកក៏បានឈប់វិញ ដោយសន្តិសុខរបស់លោក Erdogan ចូលអន្តរាគមន៍។ មានខ្សែវីដេអូមួយដែលបញ្ចេញដោយសារព័ត៌មានអាមេរិក បានអោយឃើញថា កងសន្តិសុខ និងក្រុមអ្នកគាំទ្រ លោក Erdogan បានវាយដំបាតុករ ហើយក្រោយមកពួកគេបាននាំបាតុករចេញពីកន្លែងនោះ។
បន្ទាប់ពីស្ថានការណ៍ស្ងប់ស្ងាត់វិញ លោក Erdogan បាននិយាយទៅក្រុមអ្នកគាំទ្រថា «ពួកយើងមិនគួរឲ្យការជួបជំគ្នានេះ ទៅពួកភេវរករទេ»។ លោក Erdogan បានបង្ហាញខ្លួននៅឯកិច្ចប្រជុំ TASC ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងការបើកសាខាអង្គការសង្គមអឌ្ឍច័ន្ទបៃតងមួយ។
រំលឹកកាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០១៧ កងសន្តិសុខរបស់ លោក Erdogan ត្រូវបានគេថតជាប់ក្នុងវីដេអូឃ្លីប ដែលបានឃើញមានសកម្មភាពវាយដំក្រុមបាតុករ នៅខាងក្រៅទីធ្លារបស់ស្ថានទូតរុស្ស៊ី នៅវ៉ាស៊ីនតោនឌីស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយមកកាន់សហរដ្ឋអាមេរិក។ អង្គរក្សចំនួន ១៥នាក់ ត្រូវបានចោទប្រកាន់ ហើយត្រូវបានអាជ្ញាធរអាមេរិកចង់ឱ្យធ្វើការជំនុំជម្រះ។
នៅក្នុងឆ្នាំ២០១៦ អ្នកគាំទ្រ និងសមាជិកនៃសន្តិសុខរបស់ លោក Erdogan បានប៉ះទង្គិចយ៉ាងហិង្សាជាមួយក្រុមអ្នកតវ៉ា និងសមាជិកនៃសារព័ត៌មាននៅឯវិទ្យាស្ថាន Brookings នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ហើយក្នុងឆ្នាំ ២០១១ មន្ដ្រីសន្តិសុខដែលអមជាមួយ លោក Erdogan បានប៉ះទង្គិចជាមួយបុគ្គលិកសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅពេលដែលលោកប្រធានាធិបតី បានព្យាយាមចូលសាលប្រជុំដើម្បីស្តាប់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) និយាយ៕