(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណុ (Taro Kono) បានជំរុញឱ្យសហគមន៍អន្តរជាតិ បង្កើនការដាក់សម្ពាធមិនធា្លប់មាន ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ឆ្លើយតបទៅនឹងការរឹងទទឹង ក្នុងការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ដោយគ្មានកោតក្រែងទណ្ឌកម្មពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក តារ៉ូ កូណុ ធ្វើឡើងនៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍ នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅចំពោះមុខ លោក វ៉ាង លោក កូណុ បានលើកឡើងយ៉ាងដូច្នេះថា «នៅខណៈពេលនេះ សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នា និងអនុវត្តទណ្ឌកម្មមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង»។ តែទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីការបរទេសចិន ក៏បានបញ្ជាក់ដែរថា ការដាក់សម្ពាធ និងកិច្ចសន្ទនា ចាំបាច់ណាស់ត្រូវធ្វើឡើងព្រមគ្នា ដើម្បីដោះស្រាយជម្លោះនៅលើឧទ្វីបកូរ៉េ ខណៈ ទីក្រុងប៉េកាំងបាន និងកំពុងអនុវត្តយ៉ាងពេញលេញ នូវកាតព្វកិច្ចជាអន្តរជាតិ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន NHK រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាថា ការលុបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ គឺជាគោលបំណងរួមរវាងចិន និងជប៉ុន ហើយប្រទេសទាំងពីរនឹងបន្តផា្លស់ប្ដូរយោបល់គ្នាទៅវិញទៅមក ជុំវិញស្ថានភាពបច្ចុប្បន្ន។ បន្ថែមពីលើនេះ លោក តារ៉ូ កូណុ បាននិយាយថា លោកទន្ទឹមរង់ចាំ លោក វ៉ាង យី បំពេញទស្សនកិច្ចមក កាន់ទីក្រុងតូក្យូ ព្រមទាំងស្នើឱ្យលោក វ៉ាង ចូលរួមសហការណ៍ក្នុងការរៀបចំជំនួបត្រីភាគីរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង នៅចុងឆ្នាំ២០១៧នេះ ក្នុងប្រទេសជប៉ុន រីឯលោក វ៉ាង ត្រូវបាន គេរាយការណ៍ថា បានទទួលយកសំណើនេះផងដែរ៕