(បរទេស)៖ មនុស្សមួយចំនួន ឬសូម្បីតែជនជាតិចិនផ្ទាល់ ភាគច្រើនប្រហែលជាមិនដឹងទេថា បុគ្គលចុងក្រោយគេបំផុត ដែលបានឡើងជិះនៅលើទូកសង្រ្គោះ (Lifeboat) នៃកប៉ាល់យក្សដ៏ល្បីឈ្មោះ «ទីតានិក (Titanic)» ដែលបានលិចនៅកណ្តាល ផ្ទៃមហាសមុទ្រទឹកកកអាត្លង់ទិក កាលពីឆ្នាំ១៩១២នោះ គឺជាជនជាតិចិន ដោយក្នុងចំណោមជនជាតិចិនចំនួន ០៨នាក់ ធ្វើដំណើរនៅលើកប៉ាល់ ដែលមានរហស្សនាមថា «Unsinkable Ship (កប៉ាល់មិនអាចលិចបាន)» នេះមានតែ ០៦នាក់ប៉ុណ្ណោះ បានរួចជីវិតពីចង្កូមមច្ចុរាជ នៃមហាសោកនាដកម្មនាពេលនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
យ៉ាងណាមិញ រឿងរ៉ាវនៃជនជាតិចិន ដែលនៅរស់រានមានជីវិតទាំង ០៦នាក់ ក៏ត្រូវបានគេផ្សព្វផ្សាយចេញទៅក្រៅពាសពេញពិភពលោក ក្រោយគ្រោះថ្នាក់លិចកប៉ាល់ខាងលើ ប៉ុន្តែនៅក្នុងនោះ អ្នកទាំងនេះត្រូវបានគេអះអាងថា ជាជនកំសាក ដែលបានប្រើល្បិចឆ្លៀតឱកាសលួចចូលទៅក្នុងទូកសង្រ្គោះ ឬក៏ជាបុរសគួរឲ្យស្អប់ខ្ពើមមួយក្រុម ដែលបានឆក់យកឱកាសដើម្បីរួចរស់ជីវិតពីអ្នកដទៃ តាមរយៈការបន្លំខ្លួនស្លៀកពាក់ជាស្រ្តីភេទ។
ដោយឡែក សម្រាប់ផលិតករភាពយន្តជនជាតិអង់គ្លេស គឺលោក អាស្សឺរ ចូនស៍ (Arthur Jones) វិញ វាហាក់ដូចជាពុំគួរឲ្យជឿនោះឡើយ ដែលគ្មានជនជាតិចិនខាងលើណាម្នាក់ បានទទួលការចាប់អារម្មណ៍ពីអន្តរជាតិ ក៏ដូចជាមនុស្សទូទាំងពិភពលោក ហើយលោក Jones ក៏សឹងតែមិនជឿដែរថា ប្រជាជនក្នុងប្រទេសចិនផ្ទាល់ភាគច្រើន មិនទាំងដឹងផងដែរថា មានរឿងរ៉ាវទាក់ទងនឹងចិនដ៏អស្ចារ្យមួយ នៅពីក្រោយសោកនាដកម្មជាប្រវត្តិសាស្រ្តនេះ។
បច្ចុប្បន្នលោក Arthur Jones រួមទាំងក្រុមការងារ កំពុងចងក្រងជាខ្សែភាពយន្តឯកសារមួយ មានឈ្មោះថា «The Six» ដែលស្តែងពីដំណើររឿងនៃជនជាតិចិនទាំង ០៦នាក់ និងកូនចៅជំនាន់ក្រោយរបស់ពួកគេ ហើយភាពយន្តនេះត្រូវគេរំពឹងថា នឹងចាប់ដាក់បញ្ចាំងនៅកំឡុងដើមឆ្នាំក្រោយ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិន Global Times លោក Jones បានលើកឡើងថា «វាពុំមែនជារឿងរ៉ាវ រៀបរាប់ពីឥរិយាបថអាក្រក់ៗ និងគួរឲ្យអាប់ឱននោះឡើយ តែជារឿងប្រកបដោយភាពវិជ្ជមាន ស្តែងពីការខិតខំតស៊ូដើម្បីរស់រានមានជីវិតរបស់ជនជាតិចិនទាំង ០៨នាក់ ដែលនៅលើកប៉ាល់ Titanic ទោះបីជា ០២នាក់ ក្នុងចំណោមនោះ បានបាត់បង់ជីវិតយ៉ាងណាក្តី។ ម៉្យាងវិញទៀត រឿងរ៉ាវរបស់ពួក សាកសមនឹងត្រូវពិពណ៌នា នៅក្នុងលក្ខណៈដែលប្រកបដោយក្តីគោរព និងស្មោះត្រង់ត្រឹមត្រូវ»។
គួរបញ្ជាក់ថា RMS Titanic ដែលជាកប៉ាល់ដឹកអ្នកដំណើររបស់ចក្រភពអង់គ្លេស បានលិចទៅក្នុងមហាសមុទ្រអាត្លង់ទិកភាគខាងជើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីវាបានប៉ះបង្គិចជាមួយផ្ទាំងទឹកកកដ៏ធំមួយ ក្នុងអំឡុងការធ្វើដំណើរនាវាចរណ៍លើកទី០១របស់វា ចេញពីទីក្រុងសោតហាមតុន (Southampton) របស់អង់គ្លេស ទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ក្នុងសោកនាដកម្មលិចកប៉ាល់នេះ មានមនុស្សតែ ៧១២នាក់ប៉ុណ្ណោះ (ភាគច្រើនបំផុតជាពួកអភិជន) ដែលបានរួចរស់ជីវិត ក្នុងចំណោមមនុស្សប្រមាណ ២,២០៧នាក់ នៅលើកប៉ាល់៕