(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ួហានី នៅថ្ងៃសុក្រនេះបានប្តេជ្ញាថា ប្រទេសនេះនឹងបង្កើនសមត្ថភាពមីស៊ីល និងយោធារបស់ខ្លួនឱ្យកាន់តែខ្លាំង បន្ទាប់ពីត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តិះដៀលខ្លាំងៗនៅចំពោះគេឯងថាជា «រដ្ឋទំនើងបាតផ្សារ» និង «ផ្ដាច់ការ-ពុករលួយ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅអំឡុងពិធីព្យុហយាត្រាយោធា ដើម្បីរំលឹកដល់ការផ្ទុះសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ឆ្នាំ១៩៨០ លោក រ៉ួហានី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាអ្នក (សហរដ្ឋអាមេរិក) ចង់ឬមិនចង់ក៏ដោយ យើងនឹងបង្កើនសមត្ថភាពយោធា និងមីស៊ីលរបស់យើងឱ្យកាន់តែខ្លាំងក្លា រហូតដល់កា្លយជាមធ្យោបាយកំញើញមួយដ៏មានប្រសិទ្ធភាព (...) ដើម្បីការពារប្រទេសជាតិរបស់យើង ហើយក៏មិនចាំបាច់ទៅសុំការអនុញ្ញាតពីនរណាម្នាក់នោះដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមពាក់មុខយក្សដាក់គ្នាជាថ្មី ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយកវេទិកាមហាសន្និបាត នៃអង្គការសហប្រជាជាតិ ដៀលអ៊ីរ៉ង់ចំៗថាជា «រដ្ឋទំនើងបាតផ្សារ» និង «ផ្ដាច់ការ-ពុករលួយ»។ មិនតែប៉ុណ្ណោះលោក ត្រាំ ក៏បានចាត់ទុកផងដែរថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ គឺជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ លោក ហាស្សាន រ៉ួហានី បានព្រមានថា ទីក្រុងតេហេរ៉ង់ នឹងមិនចូលរួមកិច្ចចរចានុយក្លេអ៊ែរនេះសាជាថ្មីឡើយ បើសិនជាវាត្រូវទីក្រុងវ៉ាស៊ីនតោនលុបចោល ហើយអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតប ជាមួយនិងការប្ដេជ្ញាចិត្តយ៉ាងមុតមំាបំផុត៕