(ហ្សាការតា)៖ ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួនជាបន្ទាន់ ចេញពីភូមិនានា ដែលស្ថិតនៅក្បែរភ្នំភ្លើងមួយកន្លែង លើកោះបាលី (Bali) ខណៈកើតមានបាតុភូតរំញ័រនៅតាមតំបន់មួយចំនួន ហើយមានផ្សែងហុយឡើង នៅលើផ្ទៃមេឃនៃទីតាំងទេសចរណ៍ដ៏ល្បីល្បាញ របស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
កម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងឈ្មោះថា អាហ្គុង (Agung) នៅភាគខាងកើតកោះ Bali បានឡើងដល់ក្បែរកម្រិតខ្ពស់បំផុត ហើយអាជ្ញាធរក៏បានបង្គាប់ ក៏ដូចជាណែនាំ ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងប្រជាជនរស់នៅតំបន់នោះផ្ទាល់ ចៀសវាងការបោះជំរុំ ឬក៏ធ្វើដំណើរឡើងភ្នំនៅក្នុងរយៈចម្ងាយ ០៦គីឡូម៉ែត្រ នៃតំបន់ជុំវិញភ្នំភ្លើងនេះ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឲ្យដឹងថា «សកម្មភាពពាក់ព័ន្ធភ្នំភ្លើង កំពុងបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ហើយថែមទាំងមានសញ្ញាបង្ហាញថា ចលនាសារធាតុម៉ាក់ម៉ា (Magma) កំពុងតែច្រាលឡើងមកផ្ទៃដីទៀតផង ដែលវាបណ្តាលឲ្យកើតមានជារំញ័រនៅតាមតំបន់មួយចំនួន។ ដូច្នេះហើយ មិនគួរមានសកម្មភាពសាធារណៈអ្វីទាំងអស់ នៅក្នុងរយៈចម្ងាយដែលបានកំណត់ ដើម្បីបង្ការក្នុងករណីដែលភ្នំភ្លើងផ្ទុះឡើង»។
យ៉ាងណាមិញ ស្របពេលដែលមនុស្សជិត ៦,០០០នាក់ ត្រូវបានជម្លៀសខ្លួនគិតត្រឹមវេលានេះ មនុស្សមួយចំនួនទៀត បានប្រមូលផ្តុំទស្សនាភ្នំភ្លើងនេះ ដែលមានដុំពពកផ្សែងហុយចេញពីកំពូលរបស់វា ស្ថិតក្នុងកម្ពស់ប្រហែល ៣,០០០ម៉ែត្រ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីមានភ្នំភ្លើងសកម្មជិត ១៣០កន្លែង ដែលវាច្រើនជាងប្រទេសណាៗទាំងអស់ នៅលើពិភពលោកយើងនេះ ហើយកាលពីចន្លោះឆ្នាំ១៩៦៣ និង១៩៦៤ សកម្មភាពបន្ទុះភ្នំភ្លើង Agung បានសម្លាប់ជីវិតមនុស្សច្រើនជាង ១,០០០នាក់ នៅទីនេះ និងបានបណ្តាលឲ្យរបួសរាប់រយនាក់ផ្សេងទៀត៕