(ម៉ិចស៊ីកូ)៖ នៅមុននេះបន្តិច ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍ឲ្យដឹងថា គ្រោះរញ្ជួយដីមានកម្រិត ៥.៥រ៉ិចទ័រ ថ្មីមួយផ្សេងទៀត បានវាយប្រហារសមុទ្រភាគលិចប្រទេសម៉ិចស៊ីកូ ពោលគឺស្ថិតនៅប្រមាណ ១០៧គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៊ែលដូរ៉ាដូ (El Dorado) ចុងភាគខាងត្បូងឈូងសមុទ្រកាលីហ្វរញ៉ា ខណៈភ្លាមៗបែបនេះពុំទាន់មានដំណឹងថា វាបានបង្កឲ្យមានការបំផ្លិចបំផ្លាញ ឬក៏មនុស្សរងគ្រោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នាសប្តាហ៍ដដែលនេះ គឺកាលពីបីថ្ងៃមុន តំបន់ភាគកណ្តាលម៉ិចស៊ីកូ ទើបតែបានទទួលរងគ្រោះ ដោយសារការវាយប្រហារយ៉ាងកក្រើកពីសំណាក់គ្រោះរញ្ជួយដីដ៏សាហាវមួយទៀតកម្រិត ៧.១រ៉ិចទ័រ ដែលជាលទ្ធផលបានផ្តាច់យកជីវិតមនុស្សកើនដល់ជិត ៣០០នាក់ មកទល់រសៀលថ្ងៃសុក្រនេះ និងបង្កឲ្យអគាររាប់សិបខ្នងដួលរលំខ្ទេចខ្ទីរ រួមទាំងអ្នករបួសរាប់ពាន់នាក់ផ្សេងទៀត៕