(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏កក្រើក នៅភាគកណ្តាលប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃអង្គារកន្លងទៅ បានកើនឡើងយ៉ាងគំហុកដល់ ២៨២នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសពីទីភ្នាក់ងារគាំពារជនស៊ីវិលជាតិម៉ិចស៊ីកូ ភាគច្រើននៃអ្នកដែលបានបាត់បង់ជីវិត គឺនៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី (Mexico City) ហើយចំនួនមនុស្សស្លាប់ ទំនងជាអាចនឹងកើនឡើងខ្លាំងថែមទៀត ខណៈដែលប្រតិបត្តិការរុករក និងជួយសង្រ្គោះអ្នកនៅរស់រានមានជីវិត កំពុងបន្តប្រព្រឹត្តទៅ ហើយសាកសពបន្ថែម កំពុងត្រូវគេទាញចេញពីគំនរបាក់បែកនៃអគារ ដែលបានទទួលរងការបំផ្លិចបំផ្លាញ ដោយសារគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ធ្ងររហូតដល់ ៧.១រ៉ិចទ័រនេះ។
គួរបញ្ជាក់ថា ក្រៅពីនេះអគារប្រមាណ ៤០ខ្នង បានដួលរលំទាំងស្រុង ស្របពេលដែល ២,៩០០ខ្នង បានរងការខូចខាត។ ជាមួយគ្នានេះ បើតាមក្រសួងសុខាភិបាលម៉ិចស៊ីកូ មន្ទីរពេទ្យនានាបានទទួលព្យាបាលអ្នករបួសចំនួន ២,៦៣៣នាក់ ដោយភាគច្រើនគឺនៅក្នុងរដ្ឋធានីរបស់ប្រទេសតែម្តង ជាទីដែលមានមនុស្សប្រមាណ ១,៩៩៨នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះរញ្ជួយដីយ៉ាងសាហាវ និងខ្លាំងក្លាប្រចាំឆ្នាំនេះ៕