(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យមានការដាក់ទណ្ឌកម្មថ្មីមួយ ដែលនឹងបើកទ្វារចំហឲ្យមានការដាក់បញ្ចូលបុគ្គល និងអង្គភាពទាំងឡាយណា ដែលរកស៊ីជាមួយកូរ៉េខាងជើង ទៅក្នុងបញ្ជីខ្មៅរបស់ទីក្រុងវ៉ាស៊ីនតោនតែម្តង។ ប៉ុន្តែទន្ទឹមគា្ននេះ លោក ត្រាំ ក៏បានសរសើរទីក្រុងប៉េកាំងផងដែរ សម្រាប់ការដាក់កំហិតផ្នែកហិរញ្ញវត្ថុជាមួយកូរ៉េខាងជើង ដែលវាជាចំណាត់ការដ៏វិជ្ជមានមួយ ធ្វើឲ្យអាមេរិកពេញចិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើងរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ ដែលមានគោលដៅលើវិស័យដឹកជញ្ជូនតាមនាវា និងបណ្ដាញធ្វើពាណិជ្ជកម្ម គឺបានបង្ហាញថា ប្រធានាធិបតីអាមេរិករូបនេះ ចង់សាកល្បងផ្ដល់ ពេលវេលាបន្ថែមទៀត ក្នុងការដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងព្យុងយ៉ាង បន្ទាប់ពីលោកបានគំរាមប្រើប្រាស់កម្លាំងយោធា កាលពីថ្ងៃអង្គារ នៅអំឡុងពេលថ្លែងសុន្ទរកថាជាលើកដំបូង ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ទោះបីយ៉ាងនេះក្តី លោក ត្រាំ មិនបានលើកឡើងពីការដាក់ទណ្ឌកម្ម លើវិស័យប្រេងកូរ៉េខាងជើងនោះឡើយ ខណៈសេតវិមានបានអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា វិស័យថាមពលកូរ៉េខាងជើង រ៉ែ វេជ្ជសាស្ត្រ វាយណភ័ណ្ឌ និងឧស្សាហកម្មដឹកជញ្ជូន នឹងក្លាយជាគោលដៅនៃទណ្ឌកម្ម របស់ក្រសួងរតនាគារជាតិអាមេរិក។
គួរបញ្ជាក់ថា នៅចំពោះមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉កកាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានព្រមានកម្ទេចកូរ៉េខាងជើងដែល មានប្រជាជន ២៦លាននាក់ ឱ្យក្លាយជាផេះ ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុងតំបន់ នៅក្នុងករណីទីក្រុងព្យុងយ៉ាង ហ៊ានគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក។ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ ដែលលោក ត្រាំ ព្រមានបែបនេះ រីឯមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានសន្យាដែរថា នឹងធ្វើឲ្យលោក ត្រាំ សងមកវិញនូវតម្លៃតបស្នងមួយយ៉ាងសាក សម្រាប់សន្ទរកថារបស់លោកនៅ អ.ស.ប៕