(បាងកក)៖ ព្រះបរមរាជវាំងថៃ (Grand Palace) នៅក្នុងទីក្រុងបាងកក នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ននៅខែតុលាខាងមុខនេះ ដើម្បីត្រៀមប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត មួយឆ្នាំក្រោយព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យទទួលបន្ទុកកិច្ចរាជវង្ស ដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រះរាជវាំងធំ ឬ Grand Palace ព្រមជាមួយនិងប្រាសាទធំមួយផ្សេងទៀត នឹងត្រូវបិទទ្វារលែងទទួលស្វាគមន៍អ្នកទស្សនាទាំងជាតិ និងអន្តរជាតិតែម្តង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។ ការិយាល័យនៃព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា ថ្ងៃទី៣០ ខែកញ្ញា ត្រូវបានចាត់ទុកជាថ្ងៃចុងក្រោយ ដែលសាធារណជនអាចមកទស្សនារាជវាំងនេះបាន។
គួរបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះសពអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ដល់ ទី២៩ ខែតុលាខាងមុខនេះហើយ៕