(សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ ចន ហ៊ីថិន (John Hyten) បានទទួលស្គាល់ថា កម្មវិធីមីស៊ីលឆ្លងទ្វីប ICBM និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងរីកចំរើនទៅមុខ និងអាចបាញ់ដល់ដីគោកសហរដ្ឋអាមេរិក នៅពេលអនាគត។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏បានធានាដែរថា ទីក្រុងវ៉ាស៊ីនតោន មានប្រព័ន្ធខែលការពារមីស៊ីលគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការវាប្រហារជាយ ថាហេតុណាមួយ ពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងវេទិកា រៀបចំឡើងដោយវិទ្យាស្ថាន ហ៊ូដសុន (Hudson) កាលពីថ្ងៃពុធ លោក John Hyten បានកត់សម្គាល់យ៉ាងដូច្នេះថា «ទីក្រុងព្យុងយ៉ាងកំពុងជួបប្រទះបញ្ហាប្រព័ន្ធការពារមីស៊ីលចូលក្នុង លំហអាកាស ដែលនេះគឺជាបញ្ហាមួយដ៏ធំនៃមីស៊ីលឆ្លងទ្វីប ICBM... តែអ្វីដែលយើងមិនអាចប្រកែកបាន នោះគឺថា កូរ៉េខាងជើងមានគ្រាប់បែកនុយក្លេអ៊ែរ ហើយពួកគេអាចនឹងមានសមត្ថភាពបំពាក់វានៅលើមីស៊ីល ICBM... ក៏ប៉ុន្តែបើសិនជាទីក្រុងព្យុងយ៉ាង ចង់វាយប្រហារលើសហរដ្ឋអាមេរិក វាមិនមែនជារឿងល្អសម្រាប់ពួកគេឡើយ ព្រោះសហរដ្ឋអាមេរិកមានប្រព័ន្ធខែលការពារមីស៊ីល ដែលមានសមត្ថភាពបំផ្លាញ និងស្ទាក់ចាប់មីស៊ីលកូរ៉េខាងជើង»។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែកញ្ញា កន្លងទៅកូរ៉េខាងជើង បានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែនជាលើកទី០៦ ព្រមទាំងបានអះអាងទៀតថា គ្រាប់បែកនេះ អាចបំពាក់លើមីស៊ីល ICBM បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកជំនាញបានសន្និដ្ឋានមីស៊ីល ICBM របស់លោក គីម ជុងអ៊ុន អាចគំរាមកំហែងដល់រដ្ឋ អាឡាស្កា (Alaska), ហាវ៉ៃ (Hawaii), ឡូសអាន់ជែឡេស (Los Angeles), ឈីកាហ្គោ (Chicago), ញូយ៉ក (New York City), វ៉ាស៊ីនតោន (Washington) ជាដើម៕