(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏កក្រើក នៅភាគកណ្តាលប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃអង្គារកន្លងទៅ បានកើនឡើងយ៉ាងគំហុកដល់ ២៧៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសពីទីភ្នាក់ងារគាំពារជនស៊ីវិលជាតិម៉ិចស៊ីកូ មនុស្សចំនួន ១៣៧នាក់ បានបាត់បង់ជីវិត នៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី (Mexico City), ៧៣នាក់ នៅរដ្ឋម៉ូរេឡូស (Morelos), ៤៣នាក់ នៅរដ្ឋភឺប្លា (Puebla), ១៣នាក់ នៅរដ្ឋម៉ិចស៊ីកូ, ០៦នាក់ នៅរដ្ឋហ្គឺរេរ៉ូ (Guerrero), និងម្នាក់នៅរដ្ឋអូសាខា (Oaxaca)។ ទីភ្នាក់ងារដដែលបានបញ្ជាក់ថា ចំនួននេះទំនងជាអាចនឹងកើនឡើងខ្លាំងថែមទៀត ខណៈដែលប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅ ហើយសាកសពបន្ថែម កំពុងត្រូវគេទាញចេញពីគំនរបាក់បែកនៃអគារ ដែលបានទទួលរងការបំផ្លិចបំផ្លាញ ដោយសារគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ធ្ងររហូតដល់ ៧.១រ៉ិចទ័រនេះ។
គួរបញ្ជាក់ថា ក្រៅពីនេះអគារប្រមាណ ៤០ខ្នង បានដួលរលំទាំងស្រុង ស្របពេលដែល ២,៩០០ខ្នង បានរងការខូចខាត។ ជាមួយគ្នានេះ បើតាមក្រសួងសុខាភិបាលម៉ិចស៊ីកូ មន្ទីរពេទ្យនានា បានទទួលព្យាបាលអ្នករបួសចំនួន ២,៦៣៣នាក់ ដោយភាគច្រើនគឺនៅក្នុងរដ្ឋធានីរបស់ប្រទេសតែម្តង ជាទីដែលមានមនុស្សប្រមាណ ១,៩៩៨នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះរញ្ជួយដីយ៉ាងសាហាវ និងខ្លាំងក្លាប្រចាំឆ្នាំនេះ៕