(ហ្សឺណែវ)៖ ការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានចេញរបាយការណ៍ថ្មីមួយឲ្យដឹងថា ប្រទេសសរុបចំនួន២៩ទូទាំងពិភពលោក ដោយក្នុងនោះក៏រួមមានទាំងសមាជិកផ្ទាល់របស់ UNHRC ចំនួន៩ផងដែរ បានធ្វើទុក្ខបុកម្នេញលើសកម្មជនការពារសិទ្ធិមនុស្ស នៅប្រទេសទាំងនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Independent នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។
០៩ប្រទេសក្នុងចំណោមប្រជាជាតិទាំង២៩ខាងលើ គឺជាសមាជិកផ្ទាល់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សថែមទៀតផង ដែលសព្វថ្ងៃមានទីស្នាក់ការនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកសរុប៤៧ប្រទេស។ ២៩ប្រទេសដែលរងការរិះគន់រួមមាន៖ ប៊ូរុនឌី អេហ្ស៊ីប រវ៉ាន់ដា គុយបា វ៉េណេស៊ុយអេឡា ចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាប់រួម។ ដោយឡែកប្រទេស២០ទៀត រួមមាន អាល់ហ្សេរី បារ៉ែន អេរីត្រេ ហុងឌូរ៉ាស អ៊ីរ៉ង់ អ៊ីស្រាអែល ម៉ូរីតានី ម៉ិចស៊ិក ម៉ារ៉ុក អូម៉ង់ ស៊ូដង់ខាងត្បូង ស៊ូដង់ តួកគី ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា និងថៃ។
បើតាមលោក Andrew Gilmour អគ្គនាយករងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសទាំង២៩ខាងលើ ត្រូវបានចាប់ខ្លួន, ឃុំឃាំង, ផ្តាច់ការទាក់ទងពីសង្គមខាងក្រៅ, ឬក៏បាត់ខ្លួន។ ក្រៅពីនេះជនរងគ្រោះដទៃទៀត បានបាត់បង់ការងារ, ត្រូវគេចុះឆែកឆេផ្ទះសម្បែង ឬកន្លែងធ្វើការ, ទទួលរងការហាមឃាត់មិនឲ្យធ្វើដំណើរ និងត្រូវគេបង្កកទ្រព្យសម្បត្តិជាដើម ខណៈករណីជាច្រើន មានពាក់ព័ន្ធទាំងការធ្វើទារុណកម្ម និងរំលោភបំពានសេពសន្ទវៈថែមទៀតផង។
របាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសទាំង២៩ដែលត្រូវបានរងការរិះគន់ និងបរិហារលើបញ្ហាសិទ្ធិមនុស្ស មិនមានប្រទេសកម្ពុជានោះទេ។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍បែបនេះកាលពីលើកមុនៗ ជាមធ្យមមានប្រទេសត្រឹមតែ១៥ប៉ុណ្ណោះ ដែលត្រូវបានចាត់បញ្ចូលក្នុងបញ្ជីខាងលើ ហើយមិនលើសពី២០ប្រទេសនោះឡើយ។
ទន្ទឹមគ្នានេះ របាយការណ៍បានទទួលស្គាល់ថា តួលេខជាក់ស្តែងអាចនឹងមានច្រើនជាងនេះ ព្រោះមានករណីខ្លះមិនត្រូវបានគេបង្ហាញទេដើម្បីការពារអត្តសញ្ញាណរបស់ជនរងគ្រោះ។ របាយការណ៍បានលើកឡើងពីស្រ្តីសកម្មជនសិទ្ធិមនុស្សជនជាតិបារ៉ែនម្នាក់ដែលត្រូវបានរដ្ឋអំណាចបារ៉ែនចាប់ខ្លួន រំលោភ និងសម្លាប់ចោល បន្ទាប់ពីស្រ្តីរូបនោះបាននិយាយនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សពីស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅបារ៉ែន៕