(ញូយ៉ក)៖ ការឆ្លើយតបពីកូរ៉េខាងជើង ទៅកាន់សហរដ្ឋអាមេរិកវិញ នៅមិនទាន់បញ្ចប់នោះទេ ដោយក្រៅពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឥឡូវនេះរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho វិញម្តង បានចេញមុខវាយបកទៅវិញបន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រើប្រាស់ពាក្យសម្តីចង់វាយកម្ទេចប្រទេសកូរ៉េខាងជើង នៅចំពោះមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។
លោក Ri បានផ្តល់បទសម្ភាសន៍ក្នុងសណ្ឋាគាររបស់លោក នៅក្បែរទីស្នាក់ការកណ្តាលនៃទីក្រុងញូយ៉កយ៉ាងដូច្នេះថា «មានពាក្យមួយឃ្លានិយាយថា នៅពេលឆ្កែព្រុស អ្វីៗនឹងកញ្ជ្រោលទៅតាមនោះ។ ប៉ុន្តែប្រសិនបើលោក (ត្រាំ) គិតថាចង់បង្អើលយើងជាមួយនឹងសំឡេងឆ្កែព្រុសនោះ វាពិតណាស់ថា លោកកំពុងយល់សប្តិហើយ»។
គួរបញ្ជាក់ថា ការព្រមានធ្ងន់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេសពេលនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉ក បានព្រមានកម្ទេចកូរ៉េខាងជើងទាំងស្រុងតែម្តង ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល បន្ទាប់ពីកូរ៉េខាងជើងធ្វើការបាញ់មីស៊ីលច្រើនលើកច្រើនសា ព្រមទាំងបានបំផ្ទុះអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដោយមិនខ្លាចញញើតទណ្ឌកម្មពី UN បន្តិចនោះ៕