(ហុងកុង)៖ តារាចម្រៀងប៉ុបលំដាប់ជួរមុខរបស់អាមេរិក នាង Ariana Grande នឹងមកប្រគុំតន្ត្រីដ៏ធំអស្ចារ្យមួយ នៅទីក្រុងហុងកុងប្រទេសចិន ខណៈដែលកងកម្លាំងប្រយុទ្ធប្រឆាំងភេរវកម្ម ត្រូវបានដាក់ពង្រាយពាសពេញតំបន់ជុំវិញឆាកប្រគុំតន្ត្រីតែម្តង ជៀសវាងការវាយប្រហារណាមួយ ដូចដែលតារាប៉ុបវ័យក្មេងស្រស់ស្អាតមួយនេះ ធ្លាប់ជួបប្រទះកាលពីការប្រគុំតន្ត្រីនៅទីក្រុង Manchester នៃចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ការពង្រាយកម្លាំងបែបនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលអ្វីទេ ប៉ុន្តែវាគឺជាការធានាសុវត្ថិភាពដល់ក្រុមអ្នកទស្សនារាប់ពាន់រាប់ម៉ឺននាក់ ព្រមទាំងជាទំនុកចិត្តដល់នាង Ariana ផងដែរ ព្រោះការវាយប្រហារនៅទីក្រុង Manchester កាលពីបួនខែមុន នៅក្នុងការប្រគុំតន្ត្រីរបស់នាងនោះ បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និងជាង ១៥០នាក់រងរបួស ដែលវាប្រាកដណាស់ថា ដិតដាមជាប់ក្នុងចិត្តនាងជានិច្ច។
សម្រាប់ការប្រគុំតន្ត្រី នឹងប្រារព្ធឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះហើយ នៅក្នុងសាល AsiaWorld Expo នៃទីក្រុងសេដ្ឋកិច្ច ដ៏ធំរបស់ចិនមួយនេះតែម្តង។ អ្នកទស្សនាមកពីគ្រប់ទិសទីត្រូវបានប្រកាស ទាក់ទាញឲ្យមកចូលរួមរីករាយជាមួយព្រឹត្តិការណ៍ដ៏កម្រមាននេះ ដោយមានការធានាអះអាងអំពីសន្តិសុខយ៉ាងពេញលេញ ពីសំណាក់អាជ្ញាធរ៕