(ម៉ានីល)៖ វាមិនមែនជាលើកទី១ទេ ដែលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានចេញបញ្ជាឲ្យសម្លាប់សាច់ញាតិរបស់ខ្លួន បើសិនជាសមត្ថកិច្ចរកឃើញថា ពួកគេណាម្នាក់មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ហើយលើកនេះបន្ថែមទៀត លោកបានប្រាប់ដោយផ្ទាល់តែម្តង ទៅកាន់កូនប្រុសច្បងរបស់លោកថា «បញ្ជារបស់ខ្ញុំបានទៅដល់សមត្ថកិច្ចហើយ គឺពួកគេអាចសម្លាប់កូនប្រុសបាន» ក្នុងករណីដែលកូនពិតជាមានជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។
សារព័ត៌មាន GMA ប្រចាំទីក្រុង ដាវៅ ត្រូវបានដកស្រង់យ៉ាងដូច្នេះថា «បទបញ្ជានានារបស់ខ្ញុំ (ពុក) គឺត្រូវសម្លាប់អ្នក (កូនប្រុស) ប្រសិនបើអ្នកត្រូវបានគេរកឃើញបទល្មើស ហើយខ្ញុំ (ពុក) នឹងការពារចំពោះមន្ត្រីប៉ូលិសដែលសម្លាប់អ្នក»។ នេះជាសម្តីលោក ឌូតឺតេ និយាយទៅកាន់កូនប្រុសច្បងរបស់លោកឈ្មោះ Paolo Duterte ដែលជាអភិបាលរងទីក្រុងដាវៅ។
គួរបញ្ជាក់ថា លោក Paolo ឬឈ្មោះហៅក្រៅថា Pulong រួមជាមួយនឹង កូនប្រសារប្រុសលោក ឌូតឺតេ ដែលមានតួនាទីជាមេធាវីគឺ លោក Manases Carpio បានទទួលរងការចោទប្រកាន់អំពីការលួចរត់ពន្ធគ្រឿង narcotics ជាបណ្តាញ ដែលអាជ្ញាធរហ្វីលីពីន កំពុងព្យាយាមធ្វើការបង្ក្រាបយ៉ាងស្វិតស្វាញ។ ទោះបីជាយ៉ាងណាក៏ដោយ កូនប្រុសទាំងពីររូបរបស់លោក ឌូតឺតេ បានបដិសេធជាដាច់ខាត ហើយថាវាជាការចោទប្រកាន់ទាំងអស់គ្មានមូលដ្ឋាន និងគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះ៕