(តៃប៉ិ)៖ ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Google នឹងទិញយកផ្នែកប្រតិបត្តិការផលិតស្មានហ្វូន របស់ក្រុមហ៊ុនដ៏ល្បីល្បាញនៅកោះតៃវ៉ាន់ គឺ HTC ក្នុងតម្លៃ ១.១ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនធំៗទាំងពីរ ដកស្រង់ដោយបណ្តាញព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។
ស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្មីនេះ Google ត្រូវការអ្នកជំនាញមួយក្រុម មកធ្វើការអភិវឌ្ឍទូរស័ព្ទស៊េរី Pixel ជំនាន់ថ្មី ដែលកំពុងមានភាពល្បីល្បាញរបស់ខ្លួន ហើយក្រុមហ៊ុនអាមេរិកនេះ នឹងទទួលបានអាជ្ញាប័ណ្ណមិនផ្តាច់មុខនោះឡើយ ជុំវិញកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនតៃវ៉ាន់ HTC។ ចំពោះប្រតិបត្តិការ ដែលត្រូវបញ្ជូនទៅទទួលការអនុម័តដោយនិយ័តករនោះ នឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០១៨ ខាងមុខ។
គួរបញ្ជាក់ថា ក្រៅពីការបម្រើសេវាផ្សាភ្ជាប់បណ្តាញដ៏ធំទូលាយបំផុត នៅទូទាំងសកលលោក Google នៅបាននិងកំពុងវាយលុកទីផ្សារស្មាតហ្វូន ដើរដោយប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនយ៉ាងសកម្ម និងទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជំនាញផលិតស្មាតហ្វូនធំៗ ដូចជា LG, Motorola និង Huawei ជាដើម។ ដោយឡែកស្មាតហ្វូន Google Pixel ជំនាន់ទី ១ ពិតជាមានសមត្ថភាពខ្លាំង និងទទួលបានការគាំទ្រច្រើន លើសស៊េរី Nexus ពីបណ្តាឆ្នាំមុនៗទៅទៀត៕