(ញូយ៉ក)៖ សមត្ថកិច្ចទីក្រុងញូយ៉ក បានចាប់ខ្លួនសមាជិកសភា នៃគណបក្សសាធារណរដ្ឋចំនួនបីរូប នៅពីមុខអគារពាណិជ្ជកមុ្ម ត្រាំ (Trump Tower) ដោយសារតែពួកគេទាំងនេះ បានធ្វើបាតុកម្ម ប្រឆាំងទៅនឹងការលប់ចោល កិច្ចការពារជនអន្តោប្រវេសន៍ជាកុមារ មកកាន់សហរដ្ឋអាមេរិក ឬក៏ហៅថា Dreamers ពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។
សមាជិកសភារបស់បក្សសាធារណរដ្ឋ (មានអភ័យឯកសិទ្ធិ) ដែលមកប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងញូយ៉ក ទាំងបីរូបខាងលើនេះរួមមាន លោក Raúl Grijalva មកពីរដ្ឋ Arizona, លោក Luis Gutiérrez មកពីរដ្ឋ Illinois និង លោក Adriano Espaillat នៅទីក្រុងញូយ៉កផ្ទាល់តែម្តង។ សមាជិកសភាទាំងនេះ ក៏មានការចូលរួមគាំទ្រដោយអ្នកតវ៉ាមួយក្រុមតូចផងដែរ ដោយពួកគេធ្វើការប្រមូលផ្តុំនៅក្បែរអគារ ត្រាំ ហើយក្រោយមកត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយសារតែពួកគេមិនព្រមដកថយតាមបទបញ្ជា។
បន្ថែមពីនេះប្រធានក្រុមប្រឹក្សាទីក្រុងញូយ៉ក លោកស្រី Melissa Mark-Viverito ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះដៃ និងយកទៅទីបញ្ជាការសន្តិសុខផងដែរ។ បើតាមសមត្ថកិច្ចទីក្រុងញូយ៉ក យ៉ាងហោចណាស់មនុស្ស ១០នាក់ ត្រូវបានចាប់ខ្លួននាពេលនោះ។
គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួនអ្នកតវ៉ាមួយចំនួនទីក្រុងញូយ៉កបានបង្ហាញជំហររឹងមាំដដែលថា «យើងចង់ធ្វើការបញ្ជាក់ឲុ្យបានច្បាស់លាស់ទៅ លោក ដូណាល់ ត្រាំ ថាយើងនឹងបន្តការប្រយុទ្ធប្រឆាំងដើម្បីសន្តិភាព សម្រាប់ក្រុម Dreamers និងជនអន្តោប្រវេសន៍នានា រហូតដល់ច្បាប់ការពារពួកគេ ត្រូវបានដាក់ឲ្យអនុវត្តន៍ឡើងវិញ ហើយពួកគេនឹងស្ថិតនៅក្នុងសុវត្ថិភាព»៕