(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កងយន្តហោះចម្បាំងអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រឆាំងនឹងក្រុម ISIS នៅតំបន់ភាគខាងលិចប្រទេសក្បែរព្រំដែនស៊ីរី ដែលជាលទ្ធផលបានកម្ទេចទីតាំងជាច្រើនរបស់ ISIS និងបានសម្លាប់ជីវិតក្រុមសកម្មប្រយុទ្ធជ្រុលនិយមនេះប្រមាណជា ៣០៦នាក់។
២៖ ដោយយានអវកាស កាស៊ីនី (Cassini) របស់អង្គការ NASA ឥឡូវនេះ ត្រឹមជាកម្ទេចគម្ទីរម៉ូលេគុល នៅក្នុងពពកបរិយាកាសនៃភពសៅរ៍ (Saturn) ប៉ុណ្ណោះនោះ ភពឧស្ម័នយក្សមួយផ្សេងទៀតកំពុងក្លាយជាគោលដៅសិក្សាស្រាវជ្រាវ ដ៏ចម្បងវិញម្តង។
៣៖ ចិន និងរុស្ស៊ីចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពជើងរបស់ពួកគេ នៅក្បែរតំបន់ព្រំដែនកូរ៉េខាងជើង ចំពេលឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅជាថ្មី ក្រោយទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន។
៤៖ រដ្ឋាភិបាលបារាំង បានចាប់ផ្ដើមដំណើរការហើយ គំរោងសាងសង់ជញ្ជាំងកញ្ចក់ការពារគ្រាប់កាំភ្លើង មានកម្ពស់ ០៣ម៉ែត្រ នៅជុំវិញប៉ម ទួរអ៊ែលហ្វែក (Tour Eiffel) ដោយត្រូវចាយលុយប្រមាណជា ២០លានអឺរ៉ូ ឬស្មើនឹងជិត ២៤លានដុល្លារអាមេរិក។
៥៖ ជនសកម្មប្រយុទ្ធមកពីគណបក្សពលករឃើដ (PKK) បានស្លាប់ក្រោមកណ្តាប់ដៃកងទ័ពរបស់ប្រទេសតួកគី នៅក្នុងប្រតិបត្តិការតាមផ្លូវអាកាសសំដៅប្រឆាំងអំពើភេរវកម្ម ដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត ស៊ើត (Siirt) និង ហាកការី (Hakkari) ភាគអាគ្នេយ៍។
៦៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានដើរជិតដល់ដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍមីស៊ីលឆ្លងទ្វីប ICBM ហើយ លោកក៏បានព្រមានដែរថា ទីក្រុងព្យុងយ៉ាងអាចនឹងបង្ករឿងបន្ថែមទៀត៕