(ប៉េកាំង)៖ ចិន និងរុស្ស៊ីនៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពជើងរបស់ពួកគេហើយ នៅក្បែរតំបន់ព្រំដែនកូរ៉េខាងជើង ចំពេលអាមេរិកកំពុងតែធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក នៅក្បែរឧបទ្វីបកូរ៉េដូចគ្នា ក្រោយទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន។ សមយុទ្ធយោធានេះធ្វើឡើង នៅមុនពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះនៅឯទីក្រុងញូយ៉ក ជាទីដែលសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងក្លាយប្រធានបទដ៏ក្ដៅគគុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីថ្ងៃសុក្រកន្លងទៅ បានបាញ់សាកល្បងមីស៊ីល Hwasong-12 មួយគ្រាប់ហោះរំលងពីលើជប៉ុន ដោយវារត់បានចំងាយ ៣,៧០០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់អតិបរមា ៧៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាគឺការធ្វើតេស្ដមីស៊ីលលើកទី ១៩ ក្នុងឆ្នាំ២០១៧នេះ និងលើកទី ០៨ គិតចាប់តាំងពីលោក មូន ជែអ៊ីន ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភាមក។
ដោយឡែក ជុំវិញសមយុទ្ធយោធានេះដែរ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា សមយុទ្ធយោធាជើងទឹករួមគ្នារវាងចិន និងរុស្ស៊ី នឹងត្រូវប្រព្រឹត្តទៅនៅចន្លោះឆ្នេរសមុទ្រ Peter the Great Bay ស្ថិតនៅខាងក្រៅទីក្រុងកំពង់ផែ វ្ល៉ាឌីវ៉ូស្តូក (Vladivostok) នៃភាគកើតចុងបំផុតប្រទេសរុស្ស៊ី ដែលស្ថិតនៅក្បែរព្រំដែនកូរ៉េខាងជើង និងតំបន់ឆ្នេរភាគខាងត្បូងនៃសមុទ្រ អូខូតស៍ (Okhotsk) ទៅកាន់ភាគខាងជើងប្រទេសជប៉ុន។
គួរបញ្ជាក់ថា នេះគឺជាលើកទី ០២ហើយ ដែលទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ដោយលើកទី០១ បានប្រព្រឹត្តទៅនៅឯសមុទ្របាល់ទិច កាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែស៊ីនហួរ មិនបានភ្ជាប់ដោយផ្ទាល់សមយុទ្ធនេះ ទៅនឹងភាពតានតឹងបច្ចុប្បន្នឡើយ ខណៈប្រទេសទាំងពីរ ទទូចឱ្យមានការដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ធ្វើឡើងដោយសន្តិវិធី៕