(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) បាននិយាយថា កូរ៉េខាងជើងបានដើរជិតដល់ដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍមីស៊ីលឆ្លងទ្វីប ICBM ហើយ លោកក៏បានព្រមានដែរថា ទីក្រុងព្យុងយ៉ាងអាចនឹងបង្ករឿងបន្ថែមទៀត បន្ទាប់ពីរដ្ឋកម្មុយនីស្ដឯកោមួយនេះ ប្រកាសប្រាប់ពិភពលោកថា ខ្លួនមានគ្រាប់បែកអ៊ីដ្រូសែន អាចបំពាក់លើ ICBM បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទបង្ហាញខ្លីមួយទៅកាន់សភាជាតិ លោក Song ក៏បានកត់សម្គាល់ដែរថា ការធ្វើតេស្ដមីស៊ីលរយៈចំងាយមធ្យម IRBM កាលពីថ្ងៃសុក្រ ហាក់ដូចជាបង្ហាញថាកូរ៉េខាងជើងកាន់ តែមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក។ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងដើរជិតដល់ដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍន៍មីស៊ីល ICBM... ដូច្នេះទីក្រុងព្យុងយ៉ាង អាចនឹងបន្តការធ្វើតេស្ដមីស៊ីល ឬនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត ខណៈទីតាំងធ្វើតេស្ដនុយក្លេអ៊ែរ Punggye-ri នៅតែត្រៀមខ្លួន សម្រាប់ការធ្វើតេស្ដសាជាថ្មីជានិច្ច»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានបាញ់សាកល្បងមីស៊ីល Hwasong-12 មួយគ្រាប់ហោះរំលងពីលើជប៉ុន ដោយវារត់បានចំងាយ ៣,៧០០ គីឡូម៉ែត្រ ជាមួយរយៈកម្ពស់អតិបរមា ៧៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាគឺការធ្វើតេស្ដមីស៊ីល ១៩លើក ក្នុងឆ្នាំ២០១៧នេះ និង០៨លើក គិតចាប់តាំងពី លោក មូន ជែអ៊ីន ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភាមក៕