(អាមេរិក)៖ ដោយយានអវកាស កាស៊ីនី (Cassini) របស់អង្គការ NASA ឥឡូវនេះ ត្រឹមជាកម្ទេចគម្ទីរម៉ូលេគុល នៅក្នុងពពកបរិយាកាសនៃភពសៅរ៍ (Saturn) ប៉ុណ្ណោះនោះ ភពឧស្ម័នយក្សមួយផ្សេងទៀត កំពុងក្លាយជាគោលដៅសិក្សាស្រាវជ្រាវ ដ៏ចម្បងវិញម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត-អវកាស Space.com នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
យានអវកាស Cassini បានមុជទម្លាក់ខ្លួនកម្ទេចចោល តាមការគ្រោងទុកទៅក្នុងភពសៅរ៍ កាលពីយប់ថ្ងៃសុក្រសប្តាហ៍កន្លងទៅ ខណៈនេះគឺជាការបិទបញ្ចប់ នៃបេសកកម្មរយៈពេល ១៣ឆ្នាំ របស់វានៅទីនោះ ដែលបានជួយបង្កើនការយល់ដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្តកាន់តែច្បាស់ថែមទៀត ចំពោះប្រព័ន្ធភពសៅរ៍ និងសមត្ថភាពរបស់វាក្នុងការទ្រទ្រង់ជីវិត។ ទោះជាបែបនេះក្តី NASA នៅតែមានយានអវកាស កំពុងសិក្សាស្រាវជ្រាវទៅលើ ភពឧស្ម័នយក្សមួយផ្សេងទៀតដដែល ដោយយាននោះមានឈ្មោះថា Juno ដែលកំពុងតែធ្វើដំណើរគោចរជុំវិញភពព្រហស្បតិ៍ (Jupiter) ចាប់តាំងតែពីជាងពាក់កណ្តាលឆ្នាំមុន។
ក្រៅពីនេះ បេសកកម្មទៅកាន់ Jupiter ចំនួន០២ផ្សេងទៀត ក៏ត្រូវគ្រោងនឹងចាប់ផ្តើមប្រព្រឹត្តទៅនា០៥ឆ្នាំខាងមុខផងដែរ ដោយក្នុងនោះរួមមានការបញ្ជូនយានអវកាស Europa Clipper របស់ NASA ដែលនឹងធ្វើការសិក្សាទៅលើលទ្ធភាព នៃការទ្រទ្រង់ជីវិតព្រះច័ន្ទ យូរ៉ូប៉ា (Europa) និងការបញ្ជូនយាន JUICE (Jupiter Icy Moons Explorer) ដែលនឹងសិក្សាអង្កេតលើភពព្រហស្បតិ៍ រួមទាំងព្រះច័ន្ទ ០៣ ក្នុងចំណោមព្រះច័ន្ទធំបំផុតទាំង ០៤ របស់វា ដោយរួមបញ្ចូលទាំង Europa។
គួរបញ្ជាក់ថា បេសកកម្មទាំងនេះទៅកាន់ប្រព័ន្ធភពព្រហស្បតិ៍ មិនមែនមានន័យថា NASA និងក្រុមអ្នកស្រាវជ្រាវភព បានបាត់បង់ចំណាប់អារម្មណ៍ចំពោះភពសៅរ៍នោះទេ តែផ្ទុយទៅវិញ របកគំហើញសំខាន់ៗជាច្រើនរបស់ Cassini ជាពិសេសទៅលើបរិស្ថានទំនងអាចទ្រទ្រង់ជីវិតបាននៅលើ ទីតាន (Titan) និង អាន់សែឡាដឺ (Enceladus) ដែលជាព្រះច័ន្ទរបស់ភពសៅរ៍ កំពុងតែជំរុញឲ្យមានការធ្វើបេសកកម្មទៅកាន់ទីនោះជាបន្តបន្ទាប់ទៀត៕