(ប៉ារីស)៖ រដ្ឋាភិបាលបារាំងនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមដំណើរការហើយ គំរោងសាងសង់ជញ្ជាំងកញ្ចក់ការពារគ្រាប់កាំភ្លើង មានកម្ពស់ ០៣ម៉ែត្រ នៅជុំវិញប៉ម ទួរអ៊ែលហ្វែក (Tour Eiffel) ដោយត្រូវចាយលុយប្រមាណជា ២០លានអឺរ៉ូ ឬស្មើនឹងជិត ២៤លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមគំរោងដែលបានប្រកាស ប៉ម Tour Eiffel នឹងត្រូវបានការពារព័ទ្ធជុំវិញដោយជញ្ជាំងកញ្ចក់ការពារគ្រាប់កាំភ្លើងចំនួនពីរ មានកម្ពស់ជាង ០៣ម៉ែត្រនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ ហើយជញ្ជាំងកញ្ចក់នេះនឹងត្រូវចាប់ផ្ដើមតម្លើងនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ ជាងនេះទៅទៀត នៅមិនឆ្ងាយប៉ុន្មានពីសួនច្បារ និងលំនៅដ្ឋាន របងដែកជាច្រើនក៏នឹងត្រូវបានគេតម្លើងផងដែរ ក្នុងគោលបំណងការពារការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់ពួកភេរវករ។
គួរបញ្ជាក់ថា គំរោងសាងសង់ជញ្ជាំងកញ្ចក់ការពារគ្រាប់កាំភ្លើងខាងលើ មានកម្ពស់ ៣,២៤ម៉ែត្រ នៅជុំវិញប៉ម Tour Eiffel ដែលមានកម្ពស់ ៣២៤ម៉ែត្រ និងត្រូវចំណាយប្រាក់អស់ ២០លានអឺរ៉ូ៕