(សិង្ហបុរី)៖ ក្រុមបាតុករមានគ្នាប្រមាណ ៣,០០០នាក់ ហៅខ្លួនឯងថា «ការតវ៉ាស្ងៀមស្ងាត់» បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី១៦ ខែកញ្ញា នៅឯទីលាន Hong Lim Park ដើម្បីសម្ដែងការ មិនពេញចិត្តរបស់ពួកគេទៅនឹងការបោះឆ្នោតប្រធានាធិបតីថ្មី បន្ទាប់ពីលទ្ធផលបង្ហាញថា លោកស្រី ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob) បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្រី្តដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
នៅអំឡុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍នោះដែរ ក្រុមបាតុករជាច្រើនបានស្រែកពាក្យស្លោក និងលើកផ្ទាំងបដាមានន័យជាភាសាខ្មែរថា «ថ្ងៃប្រជាធិបតេយ្យស្លាប់ និងការលួចយកការបោះឆ្នោត» រីឯអ្នកខ្លះទៀតស្រែកខ្លាំងថា «ខ្ញុំជំទាស់នឹងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៧ ហើយអ្នកមិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ»។
ដោយឡែកក្រុមអ្នករៀបចំការតវ៉ា ក៏បានលើកឡើង ដូច្នេះដែរថា «ខ្ញុំគិតថា ការតវ៉ាស្ងៀមស្ងាត់នេះ គឺជាសារមួយដ៏មានឥទ្ធិពលទៅកាន់រដ្ឋាភិបាល។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពួកយើងត្រូវចូលរួមទំាងអស់គ្នា ឈរជាមួយគ្នា ត្បិតអី្វដែលបានកើតឡើង គឺមិនត្រឹមត្រូវ... ប្រធានាធិបតីគួរតែត្រូវបានបោះឆ្នោតដោយពួកយើង ជីវិតយើងទាំងអស់គ្នាពិតជាមានសារៈសំខាន់»។ យ៉ាងណាក៏ដោយ ពួកគេនៅតែអះអាងថា ការតវ៉ានេះធ្វើឡើងក្នុងគោលបំណងសម្ដែងការមិនពេញ ចំពោះប្រព័ន្ធបោះឆ្នោត មិនមែនដោយសារតែការប្រឆាំងនឹង លោកស្រី Halimah Yacob នោះទេ។
គួរបញ្ជាក់ថា លោកស្រី Halimah Yacob បានក្លាយជាប្រធានាធិបតីសិង្ហបុរីជាស្ត្រី និងជនជាតិម៉ាឡេស៊ីដំបូងគេបំផុតក្នុងរយៈពេល ៤៧ឆ្នាំមកនេះ ក្រោយលោកស្រីស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕