(ម៉ូស្គូ)៖ ជនសកម្មប្រយុទ្ធមកពីគណបក្សពលករឃើដ (PKK) បានស្លាប់ក្រោមកណ្តាប់ដៃ កងទ័ពរបស់ប្រទេសតួកគី នៅក្នុងប្រតិបត្តិការតាមផ្លូវអាកាសសំដៅប្រឆាំងអំពើភេរវកម្ម ដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត ស៊ើត (Siirt) និង ហាកការី (Hakkari) ភាគអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានតួកគី អាណាឌូលូ (Anadolu) កងទ័ពអាកាស បានចេញប្រតិបត្តិការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស ផ្តាច់ជីវិតជនសកម្មប្រយុទ្ធ PKK យ៉ាងហោចណាស់ចំនួន ០៧នាក់ ដែលត្រូវគេជឿជាក់ថា បានលួចរៀបចំគម្រោងវាយប្រហារ ទៅលើមូលដ្ឋានយោធាតួកគី នៅស្រុក អេរ៉ូហ៍ (Eruh) នៃខេត្ត Siirt។ បណ្តាញព័ត៌មានដដែល បានបន្ថែមថា ពួក PKK ០៤នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិដាច់ដោយឡែកមួយទៀត នៅក្នុងខេត្ត Hakkari។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងអង់ការ៉ា និងពួកឃើដ បានកើនឡើងកម្តៅ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥មក នៅពេលដែលបទឈប់បាញ់ រវាងតួកគី និង PKK បានដួលរលំ ដោយសារតែការកើនមាន នៃសកម្មភាពវាយប្រហារភេរវកម្មជាបន្តបន្ទាប់គ្នា ធ្វើឡើងដោយសមាជិករបស់ PPK ដែលសព្វថ្ងៃត្រូវគេចាត់ទុកថា ជាអង្គការភេរវករនៅតួកគី៕