(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានបណ្ដេញមន្ត្រីកូរ៉េខាងជើងម្នាក់ចេញពីប្រទេស នៅក្នុងក្របខណ្ឌនៃការអនុវត្តន៍ តាមបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមប្រភពការទូតជាច្រើន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមប្រភពការទូតដដែល លោក គីម ដុងហូ (Kim Dong-ho) ជាប្រធានធនាគារកូរ៉េខាងជើង Tanchon Commercial Bank ត្រូវបានបណ្ដេញចេញពីប្រទេសវៀតណាម ហើយ លោកបានត្រឡប់ទៅដល់ទីក្រុងព្យុងយ៉ាងវិញ កាលពីពាក់កណ្ដាលខែកក្កដា មកម្លេះ។ លោក គីម គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីកូរ៉េខាងជើង ១៤នាក់ ដែលជាប់ទណ្ឌកម្មហាមឃាត់ការ ធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ ក្រោមដំណោះស្រាយ UN លេខ ២៣៥៦ កាលពីថ្ងៃទី០២ ខែមិថុនា ដោយសារតែកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ បន្ថែមពីលើនេះ ធនាគារ Tanchon ក៏ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីខ្មៅ នៃក្រុមប្រឹក្សាសន្តិសុខកាលពីខែមេសា ឆ្នាំ២០០៩ សម្រាប់ការពាក់ព័ន្ធនឹងកម្មវិធីអាវុធទីក្រុងព្យុងយ៉ាង លក់អាវុធខុសច្បាប់ និងលាងលុយកង្វក់។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាម ក៏ធ្លាប់បានបណ្ដេញអ្នកតំណាងរងធនាគារ Tanchon Commercial Bank ចេញពីប្រទេសផងដែរ បន្ទាប់ពីលោកត្រូវបាន គេបញ្ចូលទៅក្នុងបញ្ជីខ្មៅតាមដំណោះស្រាយលេខ ២២៧០៕