មេដឹកនាំអ៊ីរ៉ាក់ ផ្តាំទៅក្រុមឃើដ៖ «យើងមិនអនុញ្ញាតឲ្យមានអ៊ីស្រាអែលទីពីរ នៅក្នុងតំបន់ជាដាច់ខាត» (Video inside)
18-09-2017 10:19
(បាកដាត)៖ អនុប្រធានាធិបតីអ៊ីរ៉ាក់ លោក នួរី ម៉ាលីគី (Nouri Maliki) ដែលជាអ្នកជំទាស់នឹងឯករាជ្យភាពរបស់ប្រជាជនឃើដ បាននិយាយជាសាធារណៈថា ទីក្រុងបាកដាដ នឹងមិនបណ្ដោយឱ្យអ៊ីស្រាអែល ទី០២ លេចចេញជារូបរាងឡើង នៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាដាច់ខាត ដោយលោកចង់សំដៅទៅលើការបោះឆ្នោតប្រជាមតិ ដើម្បីប្រកាសឯករាជ្យឃើដនៅអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងក្រោយជំនួបជាមួយអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យ លោក Nouri Maliki បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងនឹងមិនបណ្ដោយឱ្យអ៊ីស្រាអែលទី០២ លេចចេញជារូបរាងឡើង នៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាដាច់ខាត។ ការលើកឡើងបែបនេះរបស់ លោក Maliki ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចេញមុខគាំទ្រឱ្យឃើដបង្កើតរដ្ឋផ្ទាល់ខ្លួន ហើយមិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានហៅប្រជាជនឃើដថា ជាអ្នកក្លាហាន និងជាអ្នកគាំទ្រលោកខាងលិច ដែលចែករំលែកតម្លៃរបស់យើង (អ៊ីស្រាអែល)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមិថុនា ប្រធានាធិបតីឃើដ លោក ម៉ាហ្សូដ បារហ្សានី (Masoud Barzani) បានប្រកាសថា ឃើដនឹងរៀបចំការបោះឆ្នោតប្រជាមតិស្ដីពីការប្រកាសឯករាជ្យនៅថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ។ ក៏ប៉ុន្តែអ៊ីរ៉ាក់ ស៊ីរី តួកគី និងរដ្ឋអារ៉ាប់ជាច្រើនទៀត ជំទាស់យ៉ាងខ្លាំងនឹងការបោះឆ្នោតនេះ ហើយសភាអ៊ីរ៉ាក់ក៏បានបោះឆ្នោតអនុម័តផងដែរ បើកផ្លូវឱ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រើប្រាស់គ្រប់វិធានការទំាងអស់ ដើម្បីការពារឯកភាពជាតិអ៊ីរ៉ាក់ ខណៈអង្គការសហប្រជាជាតិព្រួយបារម្ភថា ឯករាជ្យរបស់ឃើដនឹងបង្កជាសង្រ្គាមនៅក្នុងតំបន់៕