(អ៊ីស្លាម៉ាបាដ)៖ ក្រុមអ្នកជំនាញមួយចំនួនបាននិយាយថា ការវាយប្រហារឯតោភាគីលើកចុងក្រោយដោយយន្ដហោះគ្មានមនុស្សបើក ឬដ្រូនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន អាចនឹងបង្កើតគម្លាតកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ខណៈទីក្រុងអ៊ីស្លាម៉ាបាដ តែងតែថ្កោលទោសជារឿយៗថា ការវាយប្រហារបែបនេះ គឺជាការរំលោភ បំពានលើដែនអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាននៅក្នុងស្រុក ការវាយប្រហារដោយយន្ដហោះដ្រូនលើកចុងក្រោយ ពីសំណាក់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានសម្លាប់មនុស្ស ០៣នាក់ ដែលគេជឿជាក់ថា ជា សមាជិកក្រុមតាលីបង់អាហ្វហ្គានីស្ថាន នៅឯតំបន់ភាគអាគ្នេយ៍ប្រទេសប៉ាគីស្ថាន។ ការវាយប្រហារនេះទៀតសោត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) បានអំពាវនាវឱ្យមានការរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងពួកភេវករនៅប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែក្រុមអ្នកជំនាញយល់ថា ការវាយប្រហារឯកតោភាគីរបស់សហរដ្ឋអាមេរិក អាចនឹងបង្កភាពតានតឹងរវាងប្រទេសទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការប្រឆាំងពួកភេរវករ។
គួរបញ្ជាក់ថា បើតាមស្ថិតិជាច្រើនយន្ដហោះដ្រូនគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានវាយប្រហារ ៤០៨លើក នៅតាមតំបន់ផ្សេងៗពីគ្នានៅប៉ាគីស្ថាន ដោយសម្លាប់មនុស្ស ៣,០០០នាក់ ក្នុងនោះរួមមានជនស៊ីវិលផងដែរ ចាប់តាំងពីឆ្នាំ២០០៤មក៕