(ហាណូយ)៖ ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានផ្តាច់យកជីវិតមនុស្សយ៉ាងតិច ០៨នាក់ និងធ្វើឲ្យរបួស ២៨នាក់ផ្សេងទៀត នៅក្នុងតំបន់ភាគកណ្តាល ប្រទេសវៀតណាម គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ក្រៅពីនេះ ព្យុះ Doksuri បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាង ១០,០០០ខ្នង, ពន្លិចទូក-នាវានេសាទ១០គ្រឿង, និងធ្វើឲ្យជនលិចផ្ទៃដីដាំដុះទំហំសរុបប្រមាណ១,០០០ហិកតាថែមទៀតផង បើតាមការឲ្យដឹងពី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម។ ដោយឡែកនៅថ្ងៃសៅរ៍នេះ បណ្តាញអគ្គិសនី នៅតាមខេត្តភាគកណ្តាលប្រទេសចំនួន ០៩ ត្រូវបានស្តារឡើងវិញហើយ បន្ទាប់ពីមនុស្សជាច្រើននាក់ គ្មានភ្លើងប្រើប្រាស់អស់រាប់ម៉ោង កាលពីថ្ងៃសុក្រម្សិលមិញ។ ជាមួយគ្នានេះបណ្តាញទូរស័ព្ទ និងអ៊ីនធើណែត ក៏បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាធម្មតា ដូចដើមវិញផងដែរ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិ ពិសេសព្យុះត្រូពិក, ទឹកជំនន់, គ្រោះរអិលបាក់ដី, បានផ្តាច់យកជីវិត ឬក៏ធ្វើឲ្យមនុស្សបាត់ខ្លួនសរុប ១១៦នាក់ និងបានបង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ ៥,៦៤០ពាន់លានដុង (២៥០លានដុល្លារ) ក្នុងអំឡុងពេល ០៨ខែដំបូង នៃឆ្នាំ២០១៧នេះ។ នេះបើតាមរបាយការណ៍ ពីអគ្គនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម៕