(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ជាតិ Air India បានបុករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ដែលបានធ្វើដំណើរលើផ្លូវបើកបរ របស់ព្រលានយន្តហោះអន្តរជាតិ Indira Gandhi រដ្ឋធានីញូដេលី បង្កឲ្យមានការភ្ញាក់ផ្អើល ហើយឧប្បដិហេតុនេះ បានកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះមួយគ្រឿងទៀតបានជ្រុលចង្កូត នាំឲ្យកង់ធ្លាក់ចូលក្នុងចង្អូរផ្លូវព្រលាន បង្កឲ្យអ្នកដំណើររាប់រយនាក់ភ័យបុកពោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ហេតុការណ៍ខាងលើនេះ បានកើតមានឡើងតាំងពីយប់ជ្រៅថ្ងៃសុក្រមកម្ល៉េះ ដោយជើងហោះហើរ 319 ដឹកអ្នកដំណើរសរុប ៧០នាក់ បានបុករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ដែលមិនដឹងជាមូលហេតុអ្វី បានជាធ្វើដំណើរចូលទៅគន្លងផ្លូវបើកបររបស់យន្តហោះទៅវិញ។ នេះបើតាមការបញ្ជាក់ ពីមន្ត្រីអាកាសចរណ៍ឥណ្ឌា នៅថ្ងៃសៅរ៍នេះ ខណៈពុំមានសេចក្តីរាយការណ៍ថាមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ប៉ុន្តែម៉ាស៊ីនយន្តហោះមួយចំហៀងបានទទួលរងការខូចខាត និងត្រូវបានបញ្ជូនទៅជួសជុលរួចហើយ។
សមត្ថកិច្ចឥណ្ឌាបានអះអាងថា អ្នកបើកបររថយន្តខុសទិសដៅខាងលើនេះ ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវដកប័ណ្ណបើកបរទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតលើករណីជារួម៕