(បាកដាដ)៖ កងកម្លាំងទ័ពរបស់ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះថា បានបើកប្រតិបត្តិការក្តៅគគុក ដើម្បីបោសសម្អាតក្រុមភេរវករ ISIS នៅតាមព្រំដែនជាមួយនឹងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
កងកម្លាំងទ័ពប៉ារ៉ាអ៊ីរ៉ាក់ដែលមានឈ្មោះថា ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) និងកងកម្លាំងការពារព្រំដែន បានរួមគ្នាធ្វើប្រតិបត្តិការនៅលើ វាលខ្សាច់ដ៏ធំល្វឹងល្វើយ ដើម្បីរំដោះភូមិមួយនៃស្រុក អាកាហ្សាត (Akashat) ស្ថិតនៅក្នុងខេត្ត អាន់បារ (Anbar) ពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលស្ថិតនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរីតែម្តង។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ អាប់ឌុល អាមែរ យ៉ារ៉ាល់ឡាហ៍ (Abdul Amir Yarallah) មេបញ្ជាការនៃកងប្រតិបត្តិការរួម JOC។
គួរបញ្ជាក់ថា តំបន់ខាងលើនេះ គឺស្ថិតនៅចម្ងាយ ៣៧០គីឡូម៉ែត្រ នៃភាគខាងលិចទីក្រុងបាកដាដ ដែលមានប្រជាជនរស់នៅប្រមាណជាង ៥,០០០នាក់ ដោយវាត្រូវបានកងកម្លាំង ISIS ក្រសោបយកទៅគ្រប់គ្រងកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ ទឹកដីអ៊ីរ៉ាក់នៅតាមព្រំដែនជាប់ស៊ីរី និងទឹកដីស៊ីរីជាច្រើនផ្នែកផងដែរ នៅក្បែរៗនោះ កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ ISIS នៅឡើយ ជាពិសេសគឺខេត្ត Anbar របស់អ៊ីរ៉ាក់តែម្តង៕