(ហាណូយ)៖ អត្រាអ្នកគ្មានការងារធ្វើ ក្នុងចំណោមមនុស្សវ័យជំទង់វៀតណាម បានកើនឡើងដល់ ៧.៦៧ភាគរយ គិតត្រឹមត្រីមាសទី២ នៃឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមវិទ្យាស្ថានវិទ្យាសាស្រ្តការងារ និងសង្គមកិច្ច នៃក្រសួងការងារវៀតណាមចំនួនជនវ័យជំទង់ ដែលពុំមានរបរចិញ្ចឹមជីវិតនៅក្នុងត្រីមាសទី២ឆ្នាំនេះ បានកើនក្នុងចំនួន ១៦,៦០០នាក់ ទៅដល់ ៥៧៥,០០០នាក់។ អត្រាអ្នកគ្មានការងារធ្វើ ក្នុងចំណោមសិស្ស-និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ, មហាវិទ្យាល័យ, និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងទៀតគឺ ៣.៦៣ភាគរយ, ៤.៩៦ភាគរយ, និង ៣.៥ភាគរយ តាមលំដាប់។
គួរបញ្ជាក់ថា អត្រានៃនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ កាលពីត្រីមាសទី០១ គឺ២.៧៩ភាគរយ ខណៈដល់ត្រីមាសទី០២ ចំនួននេះបានកើនក្នុងចំនួន ៤៤,២០០នាក់ ទៅដល់ ១៨៣,១០០នាក់។ ម៉្យាងវិញទៀត នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចចំនួន ០៨កន្លែង ទូទាំងប្រទេសវៀតណាម តំបន់ដីសណ្តរទន្លេមេគង្គ និងតំបន់ភាគអាគ្នេយ៍ មានអត្រាអ្នកគ្មានការងារធ្វើខ្ពស់ជាងគេបង្អស់៕
https://cdn3.i-scmp.com/sites/default/files/images/methode/2017/05/30/f447e7c0-4443-11e7-935d-dac9335a3205_1320x770_110046.JPG