(ម៉ូស្គូ)៖ ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ី បានពិគ្រោះពិភាក្សាជាមួយបណ្តាដៃគូចិន អំពីគម្រោងប្រគល់ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ប្រភេទ Mi-26TS ទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមហ៊ុន Russian Helicopters បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា «ក្នុងអំឡុងកិច្ចសន្ទនាជាមួយក្រុមហ៊ុនចិន Lectern Aviation Supplies Company លទ្ធភាពសម្រាប់ការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រធុនធ្ងន់ Mi-26TS ទៅកាន់ប្រទេសចិន ត្រូវបានលើកយកមកពិភាក្សា»។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ី ក៏បានពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រពេទ្យ Ansat ទៅកាន់មជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ Beijing 999 ផងដែរ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន Russian Helicopters ក៏ធ្លាប់បានប្រគល់ឧទ្ធម្ភាគចក្រធុន Mi-26TS ចំនួន ០៤គ្រឿង ទៅកាន់ចិនម្តងរួចទៅហើយ៕