(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រហែលជាអាចប្រកាសអនុវត្តច្បាប់អាជ្ញាសឹក នៅទូទាំងផ្ទៃប្រទេសរបស់លោកតែម្តង ប្រសិនបើការធ្វើបាតុកម្ម ដែលកំពុងផ្ទុះឡើង ប្រឆាំងនឹងសកម្មភាពអន្តរាគមន៍ ពីសំណាក់យោធាសហរដ្ឋអាមេរិក នៅលើកោះ មីនដាណាវ (Mindanao) ប្រែក្លាយទៅជាអំពើហិង្សាធ្ងន់ធ្ងរ, បង្កការគំរាមកំហែងដល់រដ្ឋាភិបាល ឬសន្តិសុខសាធារណៈ និងបង្កភាពរាំងស្ទះដល់ប្រទេសជាតិទាំងមូលនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ដំណឹងខាងលើធ្វើឡើងដោយ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរែនហ្សាណា (Delfin Lorenzana) កាលពីថ្ងៃសុក្រម្សិលមិញនេះ ក៏ប៉ុន្តែ លោក Lorenzana បានសង្កត់ធ្ងន់ថា លទ្ធភាពនៃការប្រកាសដាក់ប្រទេសហ្វីលីពីនទាំងមូល ឲ្យស្ថិតក្រោមច្បាប់អាជ្ញាសឹកនោះ គឺវាតិចតួចស្តួចស្តើងជាទីបំផុត ទោះបីជាលោកប្រធានាធិបតី ឌូតឺតេ ពិតជាមានក្តីព្រួយបារម្ភក្នុងចិត្តខ្លាំង អំពីការធ្វើបាតុកម្ម ដែលរៀបចំឡើងពួកកុម្មុយនិស្ត និងក្រុមជ្រុលនិយមដទៃទៀតយ៉ាងណាក្តី។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសឲ្យអនុវត្តច្បាប់អាជ្ញាសឹក នៅលើកោះ Mindanao ទាំងមូល កាលពីខែឧសភា ដើម្បីទប់ទល់នឹងក្រុមសកម្មប្រយុទ្ធបណ្តាញ ISIS នៅក្នុងទីក្រុង Marawi និងជួយបង្កាសកម្មភាពបះបោរស្រដៀងនេះ កុំឲ្យផ្ទុះរីករាលដាលឡើងនៅកន្លែងផ្សេងៗទៀត នៅភាគខាងត្បូងប្រទេស។ ក្រោយមកអាមេរិក និងអូស្រ្តាលី បានបញ្ជួនយន្តហោះស៊ើបការណ៍របស់ខ្លួន មកឲ្យជួយកងទ័ពហ្វីលីពីន ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធទាំងនេះ ចេញពីក្រុង Marawi។
យ៉ាងណាមិញ ដោយសារតែការជួយជ្រោមជ្រែងនេះ ប្រជាជនហ្វីលីពីនរាប់រយនាក់ នាសប្តាហ៍នេះ បានរួមគ្នាធ្វើបាតុកម្មនៅក្នុងរដ្ឋធានីម៉ានីល ខណៈពួកគេបានថ្កោលទោស សកម្មភាពដែលពួកគេចាត់ទុកថា ជាអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិក ក្នុងបញ្ហាជម្លោះនៅទីក្រុង Marawi ក៏ដូចជាលើកោះ Mindanao។ ក្រុមអ្នកតវ៉ា បាននាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងអាមេរិក ហើយដុតកម្ទេចរូបសំណាកត្លុករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជិះនៅលើមីស៊ីលមួយគ្រាប់ និងមានមុខរបស់លោក ឌូតឺតេ នៅពីខាងមុខ។ លើសពីនេះក្រុមបាតុករ ក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសបង្រ្កាបបាតុកម្មផងដែរ៕