(អាមេរិក)៖ ដោយសារតែបងប្អូនដែលទស្សនាវែបសាយ Cambo Space នៅតែមានចម្ងល់នោះ យើងខ្ញុំសូមធ្វើការបកស្រាយជាថ្មីថា ការទម្លាក់ខ្លួនឯងដើម្បីកម្ទេចរូបរាងឲ្យសាបសូន្យលើភពសៅរ៍ របស់យានអវកាស NASA គឺ Cassini នោះ គឺស្ថិតក្នុងគោលដៅចម្បងបំផុត ដើម្បីការពារព្រះច័ន្ទ Titan និង Enceladus ឲ្យបន្តនៅមានភាពស្អាត និងបរិសុទ្ធជានិច្ច ព្រោះបើតាមទីភ្នាក់ងារអវកាសអាមេរិក ប្រការនេះនឹងធានាថា Cassini មិនអាចបំពុលការសិក្សានានា ក៏ដូចជាការរុករកជីវិតនាពេលអនាគត នៅលើព្រះច័ន្ទទាំងពីរបានឡើយ។
NASA បានចេញសេចក្តីថ្លែងការណ៍លើកឡើងដូច្នេះថា «ដើម្បីចៀសវាងលទ្ធភាពដ៏ទាប ដែលថា Cassini នាថ្ងៃមួយ នឹងបុកជាមួយព្រះច័ន្ទទាំងនេះនោះ NASA បានសម្រេចជ្រើសរើស ធ្វើការបោះបង់ចោល យានអវកាស Cassini ដោយសុវត្ថិភាព ទៅក្នុងបរិយាកាសរបស់ភពសៅរ៍»។ មានន័យថា បើថាមពលឥន្ធនៈ (សម្រាប់ប្រើពេលត្រូវចល័តទិសដៅយានម្តងម្កាល) ត្រូវអស់នោះ យាននេះនឹងរសាត់អណ្តែត ដោយថាមពលទំនាញពីភពតែមួយមុខ មិនអាចឲ្យយើងពីផែនដីបញ្ជាយានឲ្យចល័តទិសដៅបានទៀតឡើយ ហើយវានឹងធ្លោយទៅធ្លាក់ និងបំពុលនៅលើផ្ទៃព្រះច័ន្ទ Enceladus ឬ ក៏ Titan ដែលជាទីឋានអង្គការ NASA បានកំណត់ទិសដៅទុកថា នឹងត្រូវទៅរុករកជីវិតនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ យានអវកាស Cassini របស់អង្គការ NASA នឹងបិទបញ្ចប់បេសកកម្មរយៈពេល ២០ឆ្នាំ ក្នុងការប្រមូលទិន្នន័យនៅក្នុងលំហអាកាសរបស់វា តាមរយៈការទម្លាក់ខ្លួនកម្ទេចចោល ចូលទៅក្នុងបរិយាកាសរបស់ភពសៅរ៍ (Saturn) ហើយវាបានឆាបឆេះដូចទៅនឹងអាចម៍ធ្លាក់មកលើផែនដីអ៊ីចឹង។ បេសកកម្មតម្លៃ ៣.២ពាន់លានដុល្លារ Cassini-Huygens ដែលជាកិច្ចប្រឹងប្រែងរួមនៃទីភ្នាក់ងារអវកាស NASA, ទីភ្នាក់ងារអវកាសអឺរ៉ុប ESA, និងទីភ្នាក់ងារអវកាសអ៊ីតាលី ISA បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ១៩៩៧ ហើយបានទៅដល់ប្រព័ន្ធភពសៅរ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤។
Huygens គឺជាយានបន្ទាប់បន្សំមួយ ដែលបានជាន់លើផ្ទៃព្រះច័ន្ទដ៏ធំជាងគេបង្អស់ របស់ភពសៅរ៍ គឺ Titan កាលពីខែមករា ឆ្នាំ២០០៥ ខណៈយាន Cassini ដែលដើរតួជាផ្កាយរណប បានបន្តធ្វើដំណើរក្រឡឹងភពសៅរ៍ និងបានបង្កើតរបកគំហើញសំខាន់ៗជាច្រើន ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មជាង ១៣ឆ្នាំរបស់វា នៅជិតភពដែលមានចិញ្ចៀនក៏ដូចជាខ្សែក្រវាត់ព័ទ្ធជុំវិញនេះ។
ក្នុងអំឡុងនៃការធ្វើបេសកកម្មរបស់វា យានអវកាស Cassini បានប្រទះឃើញកំសួលទឹកផុស រួមទាំងសារធាតុដទៃៗទៀតច្រាលឡើង ចេញពីប៉ូលខាងត្បូងនៃ Enceladus ដែលជាព្រះច័ន្ទមួយទៀតដ៏ត្រជាក់របស់ភពសៅរ៍។ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្មនេះ បានកំណត់ថា វត្ថុទាំងនេះគឺមកពីមហាសមុទ្រដ៏ធំមួយដែលកប់នៅក្រោមសំបកព្រះច័ន្ទ Enceladus ហើយមហាសាគរនេះ ប្រហែលជាអាចទ្រទ្រង់ជីវិតបាន បើតាមអ្នកវិទ្យាសាស្រ្តដឹង។ ក្រៅពីនេះ Cassini ក៏បានរកឃើញបឹង និងសមុទ្រនៃសារធាតុអ៊ីដ្រូកាបូន ថែមទៀតផងនៅលើ Titan ហើយអ្នកវិទ្យាសាស្រ្ត ជឿជាក់ថា ព្រះច័ន្ទនេះក៏ទំនងជាអាចទ្រទ្រង់ជីវិតតូចៗ នៅក្នុងទម្រង់ណាមួយដូចគ្នា តែប្រហែលជាខុសប្លែកឆ្ងាយពីជីវិត នៅភពផែនដី៕