(កៀវ)៖ សេចក្តីព្រាងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៨ របស់ប្រទេសអ៊ុយក្រែន កំពុងបែងចែកប្រមាណ ៦.៣៤ពាន់លានដុល្លារ ទៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ដែលនេះគឺជាការកើនឡើង ១៤.៨ភាគរយ បើធៀបទៅនឹងថវិកាដែលទទួលបានកាលពីឆ្នាំ២០១៧ ខណៈបញ្ហារកាំរកូសជាមួយរុស្ស៊ី នៅតែស្ថិតក្នុងភាពចម្បងនៅឡើយ សម្រាប់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅពេលដាក់បង្ហាញសេចក្តីព្រាងថវិការដ្ឋខាងលើ ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក វ៉ូឡូឌីមី ក្រូយស្មាន់ (Volodymyr Groysman) បានលើកឡើងថា «កញ្ចប់ថវិកាការពារជាតិ នឹងកើនឡើងដោយប្រាក់ ៦.៣៤ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់វិស័យនេះ ហើយវាគឺជាប្រាក់ខែរបស់កងទ័ពរបស់យើង រួមទាំងបរិក្ខាបច្ចេកទេស ក៏ដូចជាសព្វាវុធទំនើបៗ»។
គួរបញ្ជាក់ថា កញ្ចប់ថវិកាការពារជាតិ នៃប្រទេសអឺរ៉ុបដទៃៗទៀត សុទ្ធសឹងតែមានចំណែកក្រោម ០៥ភាគរយ នៃ GDP របស់ប្រទេស ហើយក្នុងចំណោមបណ្តាសមាជិកអង្គការ NATO នៅអឺរ៉ុប មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចមានកញ្ចប់ថវិកាហួសពីគោលដៅ ០២ភាគរយ ដូចទៅនឹងអាមេរិកបានលើកឡើង៕