(វ៉ាស៊ីនតោន)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពរួម Andrews ក្បែររដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ជម្រើសទាំងអស់ដែលមានស្រាប់ ពិតជាអាចទប់ទល់នឹងការគំរាមកំហែងនានា ពីសំណាក់ទីក្រុងព្យុងយ៉ាងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានថ្លែងនៅឯមូលដ្ឋានទ័ពខាងលើនេះយ៉ាងដូច្នេះថា «ការបាញ់មីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង គឺជាការមើលងាយយ៉ាងខ្លាំង ចំពោះប្រទេសជិតខាង និងសហគមន៍អន្តរជាតិទាំងមូល»។ បន្ទាប់ពីបានឃើញទង្វើទីក្រុងព្យុងយ៉ាងបែបនេះ មេដឹកនាំអាមេរិកបានបង្ហាញទំនុកចិត្តលើសពេលមុនៗថា ជម្រើសទាំងអស់ដែលមានស្រាប់ គឺពិតជាអាចទប់ទល់ស្កាត់ និងឆ្លើយតបទៅវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងបាន។
នៅក្នុងឱកាសនៃការប្រារព្ធខួបទី ៧០ឆ្នាំ របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកនេះដែរ លោក ដូណាល់ ត្រាំ បានប្តេជ្ញាការពារសន្តិសុខសហរដ្ឋអាមេរិក ពីការគំរាមកំហែងនានាទាំងអស់។ សម្រាប់ការថ្លែងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសពីការធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ខ្លួន ដែលបានហោះរំលងប្រទេសជប៉ុន ធ្លាក់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃសុក្រម្សិលមិញនេះ នាំឲ្យសហគមន៍អន្តរជាតិទាំងមូល ថ្កោលទោសខ្លាំងក្លាបំផុតមិនធ្លាប់មាន៕