(អង់គ្លេស)៖ ការគម្រាមកំហែងភេរវកម្មនៅចក្រភពអង់គ្លេស ត្រូវបានបង្កើនឲ្យឡើងដល់កម្រិតខ្ពស់បំផុត ខណៈកម្លាំងប៉ូលិសកំពុងបន្តតាមប្រមាញ់ជនដៃដល់ នៅក្រោយសកម្មភាពវាយប្រហារដោយគ្រាប់បែកច្នៃ ក្នុងស្ថានីយ៍រថភ្លើងមួយកន្លែង នៅភាគនិរតីនៃទីក្រុងឡុងដ៍កាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក ថេរេសា ម៉េយ៍ (Theresa May) បានថ្លែងថា ការគំរាមកំហែង នាខណៈពេលនេះមានសភាពធ្ងន់ធ្ងរមែនទែន ដែលមានន័យថា ករណីវាយប្រហារផ្សេងៗត្រូវរំពឹងថា អាចនឹងកើតឡើងថែមទៀត បន្ទាប់ពីឧបករណ៍ផ្ទុះកែច្នៃមួយគ្រាប់ ត្រូវបានគេបំផ្ទុះក្នុងរថភ្លើងនៅឯស្ថានីយ៍ Parsons Green កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) ចំពេលមានអ្នកធ្វើដំណើរច្រើនកកកុញ ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៩នាក់ ទទួលរងរបួស ក៏ប៉ុន្តែពុំមានសេចក្តីរាយការណ៍ណាមួយ ពីមនុស្សស្លាប់នោះឡើយ។
គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយសកម្មភាពភេរវកម្មនេះ ស្របពេលដែលមន្រ្តីប៉ូលិសប្រមាណ ១,០០០នាក់ គ្រោងនឹងត្រូវដាក់ពង្រាយឲ្យឈរជើង នៅទូទាំងចក្រភពអង់គ្លេស៕