(រ៉ង់ហ្គូន)៖ សាលារៀនមួយចំនួននៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយ ដោយវាត្រូវបានបិទមិនឲ្យមានការបង្រៀនសិស្សនោះឡើយ ចាប់តាំងពីចុងខែសីហាមកម្ល៉េះ ក៏ព្រោះតែជម្លោះរវាងកងកម្លាំងការពារសន្តិសុខមីយ៉ាន់ម៉ា និងក្រុមបង្កអសន្តិសុខនៅភាគខាងជើង ដែលត្រូវបានទីក្រុងណៃពិដោអះអាងថា ជាក្រុមភេរវករ ARSA។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
សម្រាប់ស្រុក ម៉ងត (Maungtaw) នៅក្នុងរដ្ឋរ៉ាឃីន ដែលត្រូវបានគេដឹងថា បានទទួលរងអំពើហិង្សាខ្លាំងជាងគេកាលពីអំឡុងខែសីហា ដែលបាននាំប្រជាជននៅទីនោះជាច្រើន ភៀសខ្លួនទៅកាន់ប្រទេសជិតខាងនោះ ក៏ទំនងជានឹងដាក់ឲ្យដំណើរការសាលារៀនមួយចំនួនឡើងវិញផងដែរ ខណៈអាជ្ញាធរមីយ៉ាន់ម៉ាបានអះអាងថា សន្តិសុខជារួម កំពុងតែវិលទៅរកភាពប្រសើរឡើងវិញក្រោយពីមានការរឹតបន្តឹង និងយាមកាមយ៉ាងតឹងរឹងអស់ជាច្រើនថ្ងៃមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយោធាមីយ៉ាន់ម៉ានៅតែអះអាងថា សន្តិសុខនៅតែត្រូវការការការពារខ្លាំងក្លាដដែល ខណៈក្រុមភេរវករដែលត្រូវបានរដ្ឋាភិបាលកត់ចំណាំ នៅតែអាចបង្កការគំរាមកំហែងដល់សន្តិសុខគ្រប់ពេល ប៉ុន្តែប្រជាជនដែលបានភៀសខ្លួនរាប់ពាន់នាក់ចេញតំបន់ខាងលើនេះ បានចាប់ផ្តើមវិលត្រឡប់ ទៅលំនៅឋានរបស់ពួកគេឡើងវិញបណ្តើរៗហើយដែរ។ អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្តារសន្តិភាព និងសន្តិសុខឡើងវិញនៅក្នុងតំបន់៕