(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាយ៉ាងមុតមាំថា នឹងសម្រេចកម្មវិធីនុយក្លេអ៊ែរ នៃប្រទេសរបស់លោកឲ្យបានដោយនិយាយថា គោលដៅចុងក្រោយបំផុត របស់ទីក្រុងព្យុងយ៉ាង គឺបង្កើតឲ្យមានតុល្យភាពនៃកម្លាំងយោធា ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បានធ្វើការលើកឡើងបែបនេះ ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការតេស្តបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមធុន Hwasong-12 ដែលបានហោះរំលងប្រទេសជប៉ុន កាលពីព្រលឹមថ្ងៃសុក្រម្សិលមិញ។ នាឱកាសនោះ មេដឹកនាំកូរ៉េខាងជើងរូបនេះបានថ្លែងថា «យើងគួរតែបង្ហាញឲ្យច្បាស់ៗ ដល់ពួកមហាអំណាចថា យើងនឹងនៅអាចសម្រេចគោលដៅ នៃការអភិវឌ្ឍនុយក្លេអ៊ែរបានដោយរបៀបណា ទោះបីជាមានការដាក់ទណ្ឌកម្ម និងរារាំងរាប់មិនអស់ពីពួកគេយ៉ាងណាក្តី»។
លោក គីម ជុនអ៊ុន បានបន្តថា «គោលដៅធំចុងក្រោយរបស់យើង គឺដើម្បីបង្កើតឲ្យមានតុល្យភាពនៃឥទ្ធិពលយោធាជាមួយសហរដ្ឋអាមេរិក ហើយធ្វើឲ្យមេដឹកនាំអាមេរិកទាំងឡាយ លែងហ៊ាននិយាយពីជម្រើសនៃការប្រើប្រាស់កងទ័ពរបស់ពួកគេទៀត មកលើកូរ៉េខាងជើង»។
គួរបញ្ជាក់ថា កាលពីព្រឹកម្សិលមិញ កូរ៉េខាងជើងបានផ្លោងមីស៊ីលមួយគ្រាប់ ចេញពីតំបន់ស៊ូណាន (Sunan) នៃរដ្ឋធានីព្យុងយ៉ាង ហើយរត់បានចម្ងាយ ៣,៧០០គីឡូម៉ែត្រ និងឡើងដល់កម្ពស់ ៧៧០គីឡូម៉ែត្រ រំលងពីលើដែនអាកាស នៃកោះហុងកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន មុននឹងធ្លាក់ចំគោលដៅនៅឯមហាសមុទ្រប៉ាស៊ីហ្វិក៕