(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃសុក្រនេះ បាននិយាយថាខ្លួនជំទាស់យ៉ាងខ្លាំងទៅ នឹងការបាញ់សាកល្បងមីស៊ីលផ្លោង យ៉ាងគគ្លើនជាថ្មីម្តងទៀតរបស់កូរ៉េខាងជើង ហើយចាត់ទុកថាវាគឺជាទង្វើប្រឆាំងនឹងដំណោះ ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនជំទាស់នឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ដែលជាទង្វើរំលោភបំពានលើ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ»។ លោកស្រី Hua បន្ថែមទៀតថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងសភាពស្មុគស្មាញ រសើប និងគួរឱ្យព្រួយ បារម្ភ ដូច្នេះភាគីពាក់ព័ន្ធទំាងអស់ គួរតែរក្សាភាពអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពទាំងឡាយណាបង្កឱ្យភាពតានតឹងកាន់តែកើនឡើង។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់នៅម៉ោង ៦៖៥៧នាទីព្រឹក ថ្ងៃសុក្រនេះពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់ បានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ និងហោះឡើងកម្ពស់ប្រហែល៧៧០គីឡូម៉ែត្រ រំលងពីលើដែនអាកាសនៃកោះហុកកៃដូ មុននឹងធ្លាក់នៅចម្ងាយប្រហែលជា ២,០១៥គីឡូម៉ែត្រភាគខាងកើតប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិតថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះ គឺជាមីស៊ីលឆ្លងទ្វីប ICBM៕