(បរទេស)៖ នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតមានឡើងដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗនៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍ជារួមមានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ហោះរំលងភាគខាងជើង ប្រទេសជប៉ុន សាជាថ្មីម្តងទៀត។
២៖ ជប៉ុនចេញសេចក្តីថ្លែងការណ៍ ព្រមានកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលជាថ្មី ហើយថានឹងមិនអត់ឱនឲ្យទៀតឡើយ។
៣៖ ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឲ្យមានការធ្វើសមយុទ្ធយោធា និងផ្លោងមីស៊ីល ដើម្បីត្រៀមទប់ទល់ នឹងការបង្កហេតុដោយកូរ៉េខាងជើង។
៤៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ទៅដល់រដ្ឋផ្លូរីដា ភាគអាគ្នេយ៍ប្រទេស ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារព្យុះហឺរីខិន Irma។
៥៖ មនុស្សស្លាប់កើនឡើងយ៉ាងគំហុកដល់៨៣នាក់ និងរបួស៩៣នាក់ បន្ទាប់ពីកើតមានករណីបាញ់រះ និងបំផ្ទុះរថយន្តដោយក្រុម ISIS នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់។
៦៖ ព្យុះទីហ្វុង Talim កំពុងបោកសង្គ្រប់លើភាគខាងកើត និងអាគ្នេយ៍ប្រទេសចិន បង្កជាភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
៧៖ ករណីវាយប្រហារភេរវកម្ម ដោយបំផ្ទុះគ្រាប់បែកច្នៃ ក្នុងស្ថានីយ៍រថភ្លើង Parsons Green នៃទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស បណ្តាលឲ្យមនុស្សយ៉ាងតិច២២នាក់រងរបួស។
៨៖ អាជ្ញាធរមីយ៉ាន់ម៉ា ធ្វើការរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់នៅរដ្ឋ Rakhine ក្រោយទទួលសារព្រមានពី ក្រុមភេរវករអាល់កៃដា ពាក់ព័ន្ធបញ្ហារ៉ូហ៊ីងយ៉ា៕