(កាប៊ូល)៖ ផែនការបង្កើនការវាយប្រហារតាមផ្លូវអាកាស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងពួក ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងទាក់ទិននឹងហានិភ័យ នៃការស្លាប់របស់ជនស៊ីវិល ខណៈចំនួនជនរងគ្រោះដែលបានស្លាប់ និងរងរបួសដោយសារការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ ក្រុមចំរុះអន្តរជាតិមានសហរដ្ឋអាមេរិកជាបងធំ កើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ អង្គការសហប្រជាជាតិជនរងគ្រោះជាជនស៊ីវិលនៅក្នុងប្រតិបតិការរបស់យោធាអាហ្វហ្គានីស្ថាន បានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៧នេះ ក៏ប៉ុន្តែចំនួនជនស៊ីវិលស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក បែរជាកើនឡើងដល់ទី ៤៣ភាគរយ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៧នេះ។ ជាក់ស្ដែង នៅត្រឹមរយៈពេល ០៦ខែដំបូង អង្គការសហប្រជាជាតិបានរាយការណ៍ថា ជនស៊ីវិល ២៩នាក់ បានស្លាប់ និង៨៥នាក់ រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យោធាអាហ្វហ្គានីស្ថាន ចំណែកឯជនស៊ីវិល ៥៤នាក់ ត្រូវបានសម្លាប់ និង ៣១នាក់រងរបួស ដោយសារការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះអស់រយៈពេល ១៦ឆ្នាំហើយ ដែលសហរដ្ឋអាមេរិក ដឹកនាំប្រតិបត្តិការយោធាទម្លាក់ក្រុមតាលីបង់កាលពីឆ្នាំ២០០១។ ក្រោមសម័យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្ត កាត់បន្ថយចំនួនទ័ពអាមេរិកម្ដងរួចមកហើយ តែកាលពីប៉ុន្មានខែមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ជូនកងទ័ពអាមេរិកបន្ថែមទៅជួយរដ្ឋាភិបាលទីក្រុងកាប៊ុល ក្នុងការប្រយុទ្ធប្រឆាំងនឹងពួក ISIS និងក្រុមសកម្មប្រយុទ្ធតាលីបង់៕