(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តមួយក្រុមកំពុងមានចេតនា ធ្វើការបញ្ជូនរលកសញ្ញាមួយផ្សេងទៀត ឆ្ពោះទៅកាន់ទីអវកាសដ៏សែនឆ្ងាយ ក្នុងគោលបំណងអាចជួបប្រទះជីវិតក្រៅភពណាមួយ ប៉ុន្តែមតិមួយចំនួនមានក្តីកង្វល់ថា ទង្វើអាចនឹងបញ្ចប់ជីវិតនៅលើភពផែនដីបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
មនុស្សសឹងតែគ្រប់គ្នាចូលចិត្តភាពអាថ៌កំបាំង នៃទីអវកាសដ៏ធំល្វឹងល្វើយ, តើពិតទេ? UFOs, មនុស្សក្រៅភព ដែលគេចំណាំ ហៅថា «អេលៀនៗ», និងអាថ៌កំបាំងដទៃ ជាច្រើនទៀតរាប់មិនអស់ បានទាក់ទាញ និងធ្វើឲ្យមនុស្សជាច្រើនមានក្តីងឿងឆ្ងល់ក្នុងចិត្តជាខ្លាំងក្រៃលែង ហើយក្នុងចំណោមនោះ ពួកអ្នកវិទ្យាសាស្រ្តក៏មិនខុសគ្នាដែរ។
អ្នកវិទ្យាសាស្រ្តទាំងឡាយ ដែលបានសម្រេចជ្រើសរើស ដាក់ចិត្តដាក់កាយខិតខំ ធ្វើការស្វែងរុករកសញ្ញា នៃទម្រង់ជីវិតនៅក្រៅពីភពផែនដីនោះ បានបង្កើតឡើងជាបណ្តាញអន្តរជាតិមួយ មានឈ្មោះថា SETI (Search for Extra-Terrestrial Intelligence)។ ទាំងនេះគឺជាជនទាំងឡាយ ដែលសុខចិត្តចំណាយពេលនៅក្នុងមន្ទីរពិសោធន៍ មានបំពាក់តេឡេស្កូបធំៗ និងរង់ចាំធ្វើការវិភាគទៅលើរលកវិទ្យុសញ្ញា ដែលរសាត់មកពីទីអវកាស ក៏ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន វាមានសភាពស្ងប់ស្ងាត់ជាធម្មតា។
ដោយសារការវិវឌ្ឍដ៏យឺតយ៉ាវបែបនេះ ក្រុមមួយនៅក្នុងបណ្តាញ SETI ដែលមានជំនឿជឿជាក់ថា ផែនដី គួរតែធ្វើការយ៉ាងសកម្ម ដើម្បីផ្ញើសារបញ្ជូនទៅកាន់ជីវិតក្រៅភព។ ពួកគេជឿថាតេឡេស្កូបធំៗពោពេញដោយឥទ្ធិពល នៅលើភពរបស់យើង អាចប្រើប្រាស់ ដើម្បីបញ្ជូនរលកវិទ្យុសញ្ញាដ៏ខ្លាំងមួយ ដែលនឹងអាចទាក់ទាញចំណាប់អារម្មណ៍របស់អេលៀន មកកាន់ភពផែនដីបាន។ ក្រុមនេះដែលហៅខ្លួនឯងថា METI (Messaging for Extra-Terrestrial Intelligence) បានប្រកាសថា ពួកគេនឹងធ្វើការបញ្ជូនរលកសញ្ញាបែបនេះ នៅក្នុងឆ្នាំ២០១៨ខាងមុខ។
យ៉ាងណាមិញ មានក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួន មានគំនិតផ្ទុយស្រទះថា ការផ្ញើរលកសញ្ញាបែបនេះ នឹងជារឿងដ៏សែនគ្រោះថ្នាក់បំផុតមួយ សម្រាប់មនុស្សលោក និងភពផែនដី។ និយាយរួម ប្រសិនបើពួកអេលៀន ចេញមកមានភាពរាក់ទាក់ និងចេតនាល្អនោះ គឺវាមិនជាបញ្ហានោះទេ តែបើពួកគេមានបំណងអាក្រក់ ប្រកាន់ខ្លួនជាសត្រូវវិញនោះ វាមានន័យថាយើងនឹងបញ្ជូនសញ្ញាចង្អុលបង្ហាញផ្លូវ ដែលនិយាយថា «វាយប្រហារទីនេះមក!» ជាក់ជាពុំខានឡើយ។
គួរបញ្ជាក់ថា អ្នកប្រឆាំងមួយរូបដែលត្រូវបានគេស្គាល់ជុំវិញពិភពលោក ចំពោះការបញ្ជូនសារឆ្លងភពបែបនេះ គឺលោកសាស្រ្តាចារ្យ ស្ទីវិន ហាកឃីង (Stephen Hawking) ដែលមានជំនឿថា បើសិនជាអេលៀនបានមកជាន់ផែនដីភ្លាម ពួកគេទំនងជានឹងដណ្តើមគ្រប់គ្រងកាន់កាប់វាពុំខាន។ លោក Hawking បានលើកឧទាហរណ៍ជាក់ស្តែងថា «បើសិនជាអេលៀនមកលេងយើងមែននោះ លទ្ធផលអាចនឹងដូចទៅនឹង នៅពេលដែល លោក គ្រីស្តូហ្វ័រ គូឡុំ (Christopher Columbus) បានរកឃើញទ្វីបអាមេរិកជាលើកដំបូងអ៊ីចឹង គឺមិនល្អប៉ុន្មានឡើយសម្រាប់ជនជាតិដើមអាមេរិកនៅទីនោះ៕