(ព្រុចសែល)៖ អង្គការណាតូបានចាត់ទុកថា អាកប្បកិរិយាបង្ករឿងរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងសកល ដែលតម្រូវឱ្យមានការឆ្លើយតបជាសកល ទៅនឹងទង្វើផ្គើនបាញ់សាកល្បង មីស៊ីលផ្លោងម្ដងហើយម្ដងទៀត ពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ប្រតិកម្មពីអង្គការណាតូរបស់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ហោះរំលងពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ជាមួយគ្នានោះដែរ បើតាមកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់នៅម៉ោង ៦៖៥៧នាទីព្រឹក ថ្ងៃសុក្រនេះ (ពេលវេលានៅសេអ៊ូល) ពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាងដោយវារត់បានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពីលើដែនអាកាស នៃកោះហុកកៃដូ មុននឹងធ្លាក់នៅចម្ងាយប្រហែលជា ២,០១៥គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិតថាមីស៊ីលដែល កូរ៉េខាងជើងបានធ្វើតេស្ដនេះគឺជាមីស៊ីលឆ្លងទ្វីប ICBM។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងព្យុងយ៉ាងបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ពន្លិចជប៉ុនឱ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាផេះ សម្រាប់ការ គំាទ្រដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយមិនតែប៉ុណ្ណោះរដ្ឋកម្មុយនីស្ដមួយនេះ ក៏បានសន្យាដែរថា ខ្លួននឹងបញ្ជូនកាដូបន្ថែមទៅឱ្យទីក្រុងវ៉ាស៊ីនតោនទៀតផង៕