(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់មីស៊ីលផ្លោងភ្លាមៗ នៅឯតំបន់ដែនទឹកខាងកើត បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទាំងព្រឹកហោះរំលងពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់នៅម៉ោង ៦៖៥៧នាទីព្រឹក ថ្ងៃសុក្រនេះ (ពេលវេលានៅសេអ៊ូល) ពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់បានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពីលើដែនអាកាស នៃកោះហុកកៃដូ មុននឹងធ្លាក់នៅចម្ងាយប្រហែលជា ២,០១៥គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្ទែទនឹ្ទមគ្នា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិតថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះ គឺជាមីស៊ីលឆ្លងទ្វីប ICBM។
ដោយឡែកជាការឆ្លើយតបនឹងការធ្វើតេស្ដនេះដែរ យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «យោធាកូរ៉េខាងត្បូងបានដឹកនាំការធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិតជាមួយនឹងមីស៊ីលផ្លោង ផលិតនៅក្នុងស្រុក Hyunmoo-2A ចំនួនពីរគ្រាប់ ហើយសមយុទ្ធយោធានេះ ធ្វើឡើងក្រោមការបញ្ជាពីលោកប្រធានាធិបតី មូន ជែអ៊ីន តែប៉ុន្មាននាទី ប៉ុណ្ណោះក្រោយទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលហោះរំលងប្រទេសជប៉ុន»។
យ៉ាងណាក៏ដោយ យោធាកូរ៉េខាងត្បូងមិនទាន់បញ្ជាក់លម្អិតពីម៉ាកមីស៊ីល ដែលកូរ៉េខាងជើងធ្វើតេស្ដនៅឡើយទេ ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)៕