(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ផ្ដើមរឹតបន្តឹងសន្តិសុខ ក្រោយទទួលបានសារព្រមានពីក្រុមសកម្មប្រយុទ្ធអាល់កៃដា ពាក់ព័ន្ធនឹងជម្លោះជនជាតិដើមភាគតិច មូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន។ ប៉ូលិសមីយ៉ាន់ម៉ា ត្រូវបានគេដាក់ពង្រាយដើម្បីត្រួតពិនិត្យរថយន្ដសង្ស័យ ដែលធ្វើដំណើរនៅតាមដងផ្លូវ ខ្លាចក្រែងមានការលួចលាក់ដឹកសារធាតុផ្ទុះក្នុង គោលដៅអនុវត្តសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែក ជាយថាហេតុណាមួយប្រឆាំងនឹងអាជ្ញាធរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធ កន្លងទៅ ក្រុមសកម្មប្រយុទ្ធអាល់កៃដា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យជនមូស្លីមទាំងអស់ គាំទ្រដល់ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលកំពុង ប្រឈមមុខនឹងអំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន ហើយពួកគេថែមទាំងព្រមានដែរថា មីយ៉ាន់ម៉ានឹងទទួលរងទណ្ឌកម្មយ៉ាងសាកសម ទៅនឹងអំពើឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្ត។
«ការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវឃោឃៅ លើបងប្អូនមូស្លីមរបស់យើង... មិនត្រូវឱ្យវារំលងទៅដោយគ្មានការដាក់ទណ្ឌកម្មនោះទេ... ដូច្នេះយើងអំពាវនាវឱ្យជនមូស្លីមទាំងអស់ នៅក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងនៅហ្វីលីពីនចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់បងប្អូនមូស្លីមរ៉ូហ៊ីងយ៉ារបស់យើង ព្រមទាំងជួយបណ្ដុះបណ្ដាលពួកគេ ឱ្យមានលទ្ធភាពប្រឆាំងនឹងការគាបសង្កត់»។ នេះគឺជាសារព្រមានរបស់ក្រុមអាល់កៃ ដែលសហរដ្ឋអាមេរិកចោទថា ជាមេក្លោងនៅពីក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ២០០១។
គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាផ្ទុះឡើងកាលពីថ្ងៃទី ២៥ ខែសីហាមក បានបណ្ដាលឱ្យមនុស្ស ៤០០នាក់ ភាគច្រើនជារ៉ូហ៊ីងយ៉ាបានស្លាប់ និងជាង ៤០០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។ ក៏ប៉ុន្តែយោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធមិនមែនមាន គោលដៅលើជនស៊ីវិលនោះទេ រីឯអង្គការសហប្រជាជាតិ ក៏បានអំពាវនាវផងដែរឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងជនស៊ីវិលរ៉ូហ៊ីងយ៉ា៕