(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យដឹងថា រូបលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេស ជប៉ុន, កូរ៉េខាងត្បូង, និងចិន នាខែវិច្ឆិកាខាងមុខ ហើយបន្ថែមពីលើនេះ លោក ត្រាំ បានបង្ហើបទៀតថា លោកអាចនឹងបន្ថែមវៀតណាមទៅក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីចូលរួមសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ឆ្ពោះទៅកាន់រដ្ឋផ្លូវរីដា ក្នុងគោលបំណង ចុះសួរសុខទុក្ខជនរងគ្រោះដោយសារព្យុះហឺរីខិន អឺម៉ា (Irma) លោក ដូណាល់ ត្រាំ បាននិយាយថា «យើងនឹងធ្វើទស្សនកិច្ចជាក្រុមទៅកាន់តំបន់អាស៊ីក្នុងខែវិច្ឆិកាខាងមុខ ដោយយើងនឹងទៅ ជប៉ុន, កូរ៉េខាងត្បូង, និងចិន ហើយអាចរាប់បញ្ចូលទាំងវៀតណាមថែមទៀត។
ដោយឡែកនៅពេលត្រូវបានចោទសួរ ពាក់ព័ន្ធនឹងកិច្ចប្រជុំអាមេរិក-អាស៊ាន នៅឯប្រទេសហ្វីលីពីន លោក ត្រាំ បានទទួលស្គាល់ថា រូបលោកត្រូវបានអញ្ជើញ ក៏ប៉ុន្តែមិនទាន់ច្បាស់ថា នឹងទៅចូលរួមដែរ ឬយ៉ាងណាឡើយ៕